ខេត្តកណ្តាល ៖ ព្រោះតែភ្លើងប្រច័ណ្ឌ ប្តីសម្លាប់ប្រពន្ធរួចចាក់សោរចោល គ្មានអ្នកណាដឹងសោះ បន្សល់ទុកកូនតូចៗចំនួន២នាក់ ។ លុះចុងក្រោយប្តីដែលឃាតក ដែលសម្លាប់ប្រពន្ធរួច ដើរចូលទៅប៉ុស្តិ៍សមត្ថកិច្ចសារភាពគ្រប់បែបយ៉ាងថាខ្លួនបានសម្លាប់ប្រពន្ធហើយក្នុងបន្ទប់ទឹកផ្ទះជួល លុះសមត្ថកិច្ចមកដល់ចាក់សោរចូលមើល ឃើញសាកសពប្រពន្ធពិតមែន ទើបបង្កការភ្ញាក់ផ្អើលតែម្តង ចោលកូនតូចៗ២នាក់ កូនស្រីអាយុ១០ឆ្នាំជាង កូនប្រុសជិត១០ឆ្នាំ ឲ្យនៅកំព្រា ម្តាយក៏ស្លាប់ ឪពុកក៏ជាប់គុកទៀត ។
ករណីឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង ០៥ និង ៥០នាទីព្រឹកថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលលេខ៣ ជាន់ផ្ទាល់ដី ស្ថិតនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រិទ្ធ ស្រីរ័ត្ន ហៅ«កាវ៉ាន់» ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនដៃដល់ជាប្តីមានឈ្មោះ កៃ សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើយោងតាមប្រភពព័ត៌មានពី ម្តាយមីងបង្កើតរបស់ជនរងគ្រោះឈ្មោះ ម៉ុក សុខឃៀង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ៦ ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តល ។ បានរៀបរាប់មកកាន់ក្រុមការងារ កោះសន្តិភាពបានអោយដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០១រសៀល ជនសង្ស័យ និងជនរងគ្រោះជាប្តីប្រពន្ធនិងគ្នា និងមានកូនប្រុសស្រីចំនួន២នាក់ក្នុងបន្ទប់គ្រួសារ ពួកគេតែងតែមានការឈ្លោះគ្នាជាជាប្រចាំយូរមកហើយ ដោយខាងប្រពន្ធជាអ្នករករឿងនិងវាយប្តី តែប្តីនៅស្ងៀមមិនតបតទៅប្រពន្ធវិញទេ បន្ទាប់ពីឈ្លោះគ្នារួចប្រពន្ធក៏ ទៅធ្វើការនៅហាងខារ៉ាអូខេបាត់ទៅ ។ ស្រាប់តែមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៤ និង២៥ ទាបភ្លឺ ២នាក់ប្តីប្រពន្ធក៏បានឈ្លោះគ្នាយ៉ាងខ្លាំងលឺសូរក្តុងក្តាំងៗ គាត់ជាម្តាយមីងក៏ចេញទៅមើលក៏ទៅបើកទ្វារ ហើយឃើញពួកគាត់ឈ្លោះអូសគ្នា នៅក្នុងបន្ទប់ទឹក គាត់ក៏ស្រែកសួរថា ពួកហែងនៅឈ្លោះគ្នាដល់ណាទៀតស្មារនឹងហើយ ពួកហែងមិនខ្លាចរំខានដល់អ្នកជិតខាងទេអី បន្ទាប់មកគាត់ក៏លឺសំលេងទូរស័ព្ទរោទិ៍តែមិនដឹងថាទូរស័ព្ទរបស់ប្រពន្ធ ឬប្តីនោះទេ ហើយខាងប្តីក៏បានស្រែកអោយគាត់ជាមីងចេញពីបន្ទប់ទៅ ហើយក៏បានស្ងប់ស្ងាត់ទៅវិញ ក៏ជនរងគ្រោះក៏បានជិះម៉ូតូទៅធ្វើការបាត់ ។
លុះមកដល់វេលាម៉ោង ០៥ និង ៥០នាទីព្រឹកថ្ងៃ២៧ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះបានចេញពីធ្វើការនៅហាងការ៉ាអូខេ ក៏បានឃើញប្តីដែលជាជនសង្ស័យកំពុងដេក ក្នុងបន្ទប់គាត់បានដើរមកជេរមើលងាយប្តី ធ្វើអោយប្តីបានជេរតបតទៅវិញ ទើបធ្វើឲ្យជនរងគ្រោះជាប្រពន្ធខឹងថែមទាំងស្រវឹងស្រាផង បានយកខ្សែភ្លើងមកវាយប្តីជាជនសង្ស័យចំដៃនិងខ្នង ឃើញដូចនោះជនសង្ស័យជាប្តីក៏បានវាយតបតទៅវិញ ធ្វើអោយមានការវាយវាយតប់គ្នាទៅវិញទៅមក ហើយក៏បានច្រានជនរងគ្រោះទៅក្នុងបន្ទប់ទឹកបណ្តាលឲ្យគាត់ដួល ឃើញដូចនោះជនសង្ស័យក៏បានយកដៃច្របាច់កជនរងគ្រោះប្រហែល០១នាទី ដោយមិនឃើញកំរើក ជនសង្ស័យក៏ភ័យរួចដើរចេញពីកន្លែងហ្នឹងដោយមិនបានស្ទាបដង្ហើមជនរងគ្រោះទេ រួចអូសម៉ូតូចេញពីក្នុងបន្ទប់ រួចយកកូនសោចាក់ទ្វារពីខាងក្រៅបន្ទាប់មកជិះម៉ូតូចេញទៅទៅបាត់ ។
ដោយមិនដឹងរត់ទៅណា ក៏ជនសង្ស័យរត់ទៅប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីចូលខ្លួនទៅសារភាពនៅទង្វើរបស់ខ្លួន ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះមកធ្វើការពិនិត្យសាកសព ឃើញក្នុងបន្ទប់រប៉ាត់រប៉ាយសំលៀតបំពាក់ និងឃើញសាកសពស្ត្រីម្នាក់នៅក្នុងបន្ទប់ទឹក មានស្ថានភាពសើម រឹងទាំងស្រុង សពដេកផ្ងារ ដៃខាងស្តាំលាបាតដៃបត់ដាក់លើពោះ ដៃខាងឆ្វេងបត់កែងបែរលើកឡើងលើ ជើងទាំងសងខាងបត់អង្គុញ។ សភាពសពពាក់អាវក្រណាត់បិតឡេវពណ៍ខ្មៅរូបផ្កាពណ៍អាបដៃវែង ស្លៀកសំពត់វែងពណ៍ខ្មៅ មានពាក់ខ្សែអំបោះពណ៍លឿងនៅកដៃខាងស្តាំ និងកដៃខាងឆ្វេងមានអំបោះពណ៍ក្រហម ពាក់អាវយឺតខាងក្នុងពណ៍ប្រផេះ ស្លៀកសំពត់ខ្លីខាងក្នុង និងស្លៀកខោលីអូពណ៍សូកូឡា។ ចំណែកផ្នែកក្បាល មានចេញទឹកពពុះតាមមាត់ បបូរមាត់ឡើងពណ៌ផ្កាឈូក ភ្នែករីកប្រស្រី ស្នាមកោសរលាត់នៅលើបំពង់ក។
ដូច្នេះតាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងផ្នែកជំនាញ សពជនរងគ្រោះស្លាប់ដោយស្ទះផ្លូវដង្ហើម ដោយសារច្របាច់ក ក្នុងអំពើឃាតកម្ម ខណៈបច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕ អែលមេសា






ចែករំលែកព័តមាននេះ