ខេត្តកំពង់ចាម៖ «ពីមុនបើយើងចង់ដឹងពីអ្វីមួយត្រូវតែចូលក្នុងបណ្ណាល័យ ដើម្បីស្រាវជ្រាវរកឯកសារ តែមកដល់បច្ចុប្បន្ននេះគឺសម័យបច្ចេកវិទ្យាAI ដូច្នេះងាយស្រួលក្នុងការស្រាវជ្រាវរកឃើញបានរហ័សទាន់ចិត្ត សូមប្រើដោយចំណេះដឹងនិងផ្ដល់អត្ថប្រយោជន៍ដល់សង្គមតែAI បៀបប្រៀបបានដូចជាអាវុធមុខពីរ» ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ
ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររងបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតជ័យលាភីចំនួន២២២៣នាក់(ក្នុងនោះស្រី១០៩៨នាក់)នៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាម(UME) ដោយធ្វើឡើងនៅទីលានមួយកន្លែង សង្កាត់សំបួរមាសក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៥កញ្ញា ឆ្នាំ ២០២៥ ។ជាមួយនោះមានការអញ្ជើញចូលរួមពីឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ព្រមទាំងរដ្ឋលេខាធិការអនុរដ្ឋលេខាធិការក្រសួងអប់រំ សាស្ត្រាចារ្យ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ដោយលើកឡើងថា: ក្នុងនាមក្រសួងអប់រំសូមកោតសរសើរចំពោះការអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់របស់សាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្ត ដែលរហូតមានអគារផ្ទាល់ខ្លួនធំទូលាយ។ម្យ៉ាងទៀតលទ្ធផលនេះបានឆ្លើយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបន្តពង្រឹងនិងពង្រីកមូលដ្ឋានគ្រឹះនៅក្នុងវិស័យឧស្សាហកម្មពាណិជ្ជកម្មអភិបាលកិច្ចល្អនិងធានាបាននៅកំណើនសេដ្ឋកិច្ចប្រកបដោយជ័យភាពសមធម៌ស្របតាមចក្ខុវិស័យប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ ព្រមទាំងឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាសេដ្ឋកិច្ចវប្បធម៌នយោបាយក្នុងបរិបត្តិនៃសហគមន៍អាស៊ាននិងសាកលភាវូបនីយកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំមានប្រសាសន៍បន្តថា ជាការពិតណាស់នៅក្នុងសម័យបច្ចុប្បន្នអ្នកមានចំណេះដឹងត្រូវយកទៅអនុវត្តជាក់ស្ដែងបង្កើតឱ្យមានតម្លៃ ហើយសម័យAI នេះទាមទារនៅចំណេះដឹងត្រិះរិះពិចារណាដើម្បីដោះស្រាយបញ្ហា ហើយត្រូវប្រើបច្ចេកវិទ្យាដើម្បីបង្កើតថ្មីបន្ថែមទៀត។ សម័យមុនបើចង់ដឹងពីឯកសារអ្វីមួយដែលត្រូវធ្វើការស្រាវជ្រាវនោះ ត្រូវតែឈានជើងចូលក្នុងបណ្ណាល័យ ដើម្បីបើកសៀវភៅមើលដែលត្រូវចំណាយពេលវេលាយូរជូនរកមិនឃើញទៀតផង។តែមកដល់បច្ចុប្បន្នមានការរីកចម្រើនគឺគ្រាន់តែយើងចូលទៅក្នុង google តាមរយៈទូរសព្ទដៃឬកុំព្យូទ័រនោះនឹងអាចស្រាវជ្រាវដឹងដោយប្រើប្រាស់បញ្ញាសិប្បនិមិត្ត ដោយមានសង្ខេបនៅក្លឹមសារឱ្យយើងបានល្អទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថាដូច្នេះសូមប្រើAI ប្រកបដោយការទទួលខុសត្រូវ ហើយអ្នកមិនចេះប្រើនោះការងារនិងមានការយឺតយ៉ាវ។ពេលដែលយើងម្នាក់ៗចេះប្រើAI នេះគឺរហ័សទាន់ចិត្តនិងចំណេញពេលវេលាទៀតផង។ជាការពិតAI ប្រៀបបានដូចកាំបិតមុខពីរពេលណាយើងប្រើត្រឹមត្រូវនោះនឹងមានប្រយោជន៍ ដូច្នេះត្រូវតែដឹងនៅចំណុចខ្លាំងរបស់វាងាយស្រួលគ្រប់គ្រង។សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០២៣គឺអ្នកប្រាជ្ញបានបញ្ចូលទិន្នន័យរាប់លានទៅក្នុងបច្ចេកវិទ្យាAI ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត ដែលអាចស្រាវជ្រាវក្នុងរយៈពេល២ទៅ៣នាទីនិងរកឃើញភ្លាមមានន័យថាលឿនរហ័សទាន់ចិត្ត។

ជាការពិតនៅក្នុងយុគសម័យថ្មីនេះបច្ចេកទេសមានការជឿនលឿនដែលតម្រូវឲ្យយើងម្នាក់ៗ ត្រូវតែសិក្សារៀនសូត្រពេញមួយជីវិតបន្តពង្រឹងសមត្ថភាពចេះប្រើចំណេះដឹងធ្វើយ៉ាងណាឱ្យមានប្រយោជន៍ដល់សង្គមជាតិ អ្នកខ្លះដែលចេះដឹងតែបានបំផ្លាញដល់សង្គមជាតិដូចជាក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពតជាដើម។ យើងត្រូវប្រើចំណេះដឹងប្រកបដោយមនសិការដើម្បីឲ្យសង្គមជាតិរីកចម្រើនដូចបណ្ដាប្រទេសនានាលើពិភពលោក។



ចែករំលែកព័តមាននេះ