លទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុបជាប់ឬធ្លាក់ចេញមកហើយ នៅក្នុងនោះប្អូនៗបាននិទ្ទេសអីក៏ទៅតាមហ្នឹងទៅចុះ ហើយអ្នកដែលជាប់គឺត្រូវប្រឹងប្រែងតទៅទៀត ហើយកូនក្មួយដែលធ្លាក់កុំតូចចិត្ត កុំខ្មាសគេអី ។ នេះបើតាមថេរដីការរបស់សម្តេចព្រះឧត្តមវង្សា គូ សុភាព ។
សម្តេចព្រះឧត្តមវង្សា គូ សុភាព បានមានថេរដីកាបន្តទៀតថា លទ្ធផលបាក់ឌុបប៉ុណ្ណឹង វាមិនទាន់កំណត់ជោគវាសនាជីវិតរបស់យើងបានទេ ។ ជីវិតវានៅវែងឆ្ងាយតទៅមុខទៀតណាស់ ។ បើយើងប្រឹងប្រែងមិនប្រាកដថា យើងធ្លាក់យើងអន់ជាងអ្នកជាប់ទេ។ ប៉ុន្តែវាត្រូវការការតស៊ូព្យា
យាម ។ បើចង់រៀនតក៏បន្តរៀនទី១២ទៀតទៅ ប៉ុន្តែបើចង់ចាប់យកជំនាញ គឺចាប់យកជំនាញបច្ចេកទេសទៅ ពីព្រោះសង្គមយើងនេះនៅត្រូវការអ្នកបច្ចេកទេសច្រើនណាស់ ។
សម្តេចព្រះឧត្តមវង្សា គូ សុភាព បានបញ្ជាក់ថា «អាត្មាលើកទឹកចិត្តកូនក្មួយឲ្យរៀនអីមួយឲ្យច្បាស់លាស់ អោយពួកែអោយខ្លាំង កុំរៀនយកតែច្រើន សាលាពីរ សាលាបី សួរថា រៀនចេះអី ការអនុវត្តបែបនោះមិនពូកែទេ» ។
សម្តេចព្រះឧត្តមវង្សា គូ សុភាព បានមានថេរដិការបន្តថា មនុស្សជោគជ័យ ឬមិនជោគជ័យទាល់តែមនុស្សនោះមានជំនាញច្បាស់លាស់ពិតប្រាកដនៅក្នុងខ្លួន មិនមែនរៀនដើម្បីតែអួតគេថា រៀនសាលាច្រើន ។ អាហ្នឹងមិនពូកែទេ ។
សម្តេចព្រះឧត្តមវង្សា គូ សុភាព បានបន្ថែមថា កូនក្មួយរៀនចប់ទី១២ បើត្រូវចេញទៅធ្វើការឱ្យគេ អាត្មាជូនយោបល់ថា ត្រូវរៀនជំនាញបច្ចេកទេសសិន មុននឹងចេញទៅធ្វើការអោយគេ ពីព្រោះអ្នកដែលរៀនជំនាញបច្ចេកទេស បានប្រាក់ចំណូលខ្ពស់ជាង ប្រើប្រាស់កម្លាំងពលកម្មសុទ្ធ ហើយសាលាបច្ចេកទេសរដ្ឋយើងផ្តល់អាហារូបករណ៍ ហើយផ្តល់ប្រាក់ខែថែមទៀតផង អោយតែប្អូនប្រឹងប្រែង ហើយរៀនចប់មានជំនាញច្បាស់លាស់គឺអត់ខ្វះការងារធ្វើឡើយ ។
ចែករំលែកព័តមាននេះ