រាជធានីភ្នំពេញ ៖ អគ្គមេបញ្ជាការបានចេញលិខិតបដិសេធចំពោះការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ទុកចោលស.ពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ។

យោងតាមការលិខិតបដិសេធរបស់អគ្គមេបញ្ជាការ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានលើកឡើងថា អគ្គមេបញ្ជាការអគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតក្នុងផេកផ្លូវការរបស់គឹម សុខ ដែលថា «រាជរដ្ឋាភិបាលកម្ពុជា ទុកចោលស.ពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង» ។

លិខិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសពតាមប្រពៃណី និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុតចំពោះយោធិនពលីទាំងអស់ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ។
កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើស ការពិតរបស់បុគ្គលនេះដែលជាទង្វើក្បត់ជាតិ និងមានគោលបំណងបំបាក់ស្មារតីប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជា ប្រទេសជាតិ និងប្រជាជនខ្មែរ ដែលកំពុងរងគ្រោះពីការរំលោ.ភបំពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ចែករំលែកព័តមាននេះ