ខេត្តរតនគិរី ៖ តំណាងរាស្ត្រមណ្ឌលរតនគិរី ស្នើអោយអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកូនមុំ ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកទន្លេស្រែពក ។ នេះបើយោងតាមផេកមន្ទីរព័ត៌មានខេត្តរតនគិរីបានប្រកាសនារសៀលថ្ងៃទី២៥ ខែកញ្ញានេះ ។
ការស្នើរបស់ ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះពិនិត្យស្ថានភាព ទឹកជំនន់ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តម តំណាងរាស្ត្រ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ និងសូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ ។ ជាងនេះទៅទៀត អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកូនមុំបានបង្ហាញថា ស្រុកកូនមុំមានឃុំចំនួន៥ ដែលកំពុងរងផលប៉ះពាល់ពីជំនន់នេះរួមមាន ៖ ឃុំសិរីមង្គល រងផលប៉ះពាល់ចំនួន៣ភូមិ ឃុំស្រែអង្គ្រង២ភូមិ.ឃុំតាអង២ភូមិ.ឃុំត្រពាំងច្រេស១ភូមិ និងឃុំត្រពាំងក្រហម៣ភូមិ ។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ស្ថានភាពទឹកទន្លេសេសាន និងទន្លេស្រែពក គិតត្រឹមព្រឹកម៉ោង១០.០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥ គឺភ្លៀងនៅបន្តធ្លាក់ខ្លាំងបន្ថែមទៀត ធ្វើឲ្យទឹកទន្លេស្រែពកហក់ឡើងខ្ពស់ ។
១.កម្ពស់ទឹកទន្លេស្រែពក នៅស្រុកលំផាត់មានកម្ពស់ 13.52m លើសកម្រិតកម្ពស់ប្រកាសអាសន្ន 1.02m។ (កម្រិតកម្ពស់ប្រកាសអាសន្ន 12.50m) ។ ទឹកបានជន់លិចចូលតំបន់ទំនាបៗ និងផ្ទះប្រជាពលរដ្ឋ វត្ត សាលារៀន ដីស្រែ ចម្ការ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន នៅតាមបណ្ដារ ភូមិ ឃុំនៃស្រុកលំផាត់ និងស្រុកកូនមុំ ដែលស្ថិតនៅតាមបណ្ដោយដងទន្លេស្រែពក កាន់តែមានទំហំធំ ។
២. កម្ពស់ទឹកទន្លេ សេសាន មាន4ស្រុក នៅតាមបណ្ដោយដងទន្លេ ស្រុកផ្នែកខាងលើដែលជាប់ព្រំដែនវៀតណាមគឺ(ស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស) ។ នៅផ្នែកខាងក្រោម គឺ (ស្រុកតាវែង និងស្រុកវើនសៃ)ទឹកបានស្រកចុះហើយ ។
ក្រុមការងារមន្ទីរធនធានទឹកខេត្ត បន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជម្លៀសនូវសម្ភារៈ មធ្យោបាយ សត្វពាហនៈ មកទីទួលសុវត្ថិភាពជាមុនបណ្តើរៗហើយ ៕
ចែករំលែកព័តមាននេះ