ខេត្តមណ្ឌលគិរី ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកោះញែកបានធ្វើការសង្គ្រោះបន្ទាន់និងជួយសម្រាលកូនដោយជោគជ័យជូនដល់ស្ត្រីម្នាក់ឈ្មោះ ដើម ថារី អាយុ២៦ឆ្នាំ រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ។

យោងតាមលោក អ៊ុត សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរយ៉បានឱ្យដឹងថា ដោយសារស្ថានភាពផ្ទះរបស់គាត់ត្រូវទឹកជន់លិច ក្រុមគ្រួសារបានប្រើប្រាស់ទូកជាមធ្យោបាយដើម្បីដឹកស្ត្រីជាម្តាយទៅកាន់កន្លែងមានសុវត្ថិភាព ។ ប៉ុន្តែដោយសារស្ថានភាពបន្ទាន់ ក្រុមគ្រូពេទ្យបានចុះជួយអន្តរាគមន៍ និងសម្រាលកូនដោយផ្ទាល់នៅលើទូកតែម្ដង ។
បច្ចុប្បន្ន ទាំងទារកនិងម្តាយមានសុវត្ថិភាពល្អប្រសើរ ហើយកំពុងបន្តទទួលការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។

ទាក់ទងនឹងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ លោក សី ទូច អភិបាលស្រុកកោះញែកបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឃុំចំនួន ៦ ក្នុងស្រុកកោះញែក បានរងការជន់លិចដោយសារទឹកភ្លៀង និងការហូរហៀរមកពីទន្លេស្រែពក ។ ទឹកជំនន់នេះ បានបង្កការខូចខាតដល់ផ្លូវថ្នល់ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងវត្តអារាមមួយចំនួន។
យ៉ាងណាមិញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានអះអាងថា មិនមានមនុស្សស្លាប់បាត់បង់ជីវិតដោយសារករណីនេះនោះទេ ។ ក្រោយពេលស្ថានភាពទឹកបានស្រកច្រើនហើយ លោកអភិបាលស្រុកកំពុងចាត់ក្រុមការងារឱ្យចុះទៅស្រង់ទិន្នន័យនៃការខូចខាតជាក់ស្តែង ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំពាក់ព័ន្ធសម្រាប់ចាត់វិធានការបន្ត។
ចែករំលែកព័តមាននេះ