រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំជិះរថយន្តបុកខឿនសួនច្បារក្រោមស្ពានអាកាស ៧មករា បណ្តាលឲ្យបាក់រងការខូចខាតចំនួន ៣កង់ ហើយព្យាយាមបើករត់ តែត្រូវប៉ូលិសប្រចាំការក្រោមស្ពានចាប់ឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទី យប់ថ្ងៃទី០៣ កុម្ភៈ ២០១៤ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
អ្នកបើកបររថយន្តមានឈ្មោះ ងួន ចំរើន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋានផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ្វត ១បាំងកន្លះ ពណ៌សម្បកឳឡឹក ១គ្រឿង ពាក់ស្លាកលេខ ព្រៃវែង 2A-0611 បើកបរដោយបុរសខាងលើស្រវឹងស្រាជោកជាំធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ក្រោមស្ពានអាកាស ៧មករា ជាចំណុចផ្លូវកោង រថយន្តបានបត់ស្តាំបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនសួនច្បារតែម្តង។
ក្រោយកើតហេតុ ទាំងរថយន្ត និងអ្នកបើកបរ ត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ