ក្នុងរយៈពេលតែ២ថ្ងៃ ការវាយប្រហារតាមអាកាសរបស់របបស៊ីរីប្រឆាំងសង្កាត់ទាំងឡាយស្ថិតក្រោមការកាន់កាប់របស់ពួកឧទ្ទាមនៃទីក្រុងអាឡែប ជាទីក្រុងសេដ្ឋកិច្ចរបស់ប្រទេសបណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ១២១នាក់ ។អង្គការសិទ្ធិមនុស្សស៊ីរី OSDH ស្និទ្ធពួកឧទ្ទាមគូសបញ្ជាក់ថា នាថ្ងៃទី២ កុុម្ភៈ មនុស្ស៣៦នាក់បានត្រូវស្លាប់ក្នុងការវាយឆ្មក់តាមរយៈការទម្លាក់ធុងសាំងផ្ទុះលើសង្កាត់ទាំងឡាយនាភាគខាងកើតក្រុងអាឡែប ។
កាលពីថ្ងៃទី១ កុម្ភៈ មនុស្សយ៉ាងតិច៨៥នាក់បានត្រូវស្លាប់ដោយសារការទម្លាក់ធុងសាំងផ្ទុះ ហៅគ្រាប់បែកណាប៉ាល់ចេញពីឧទ្ធម្ភាគចក្រយោធាទាំងឡាយលើសង្កាត់ស្ថិតក្រោមការត្រួតត្រារបស់ពួកឧទ្ទាមនៅក្រុងអាឡែប ។ ក្នុងចំណោមជនរងគ្រោះទាំងនោះមានជនស៊ីវិល៦៥នាក់ ។ ម្យ៉ាងវិញទៀត ពួកជីហាដនិយម១០នាក់នៃក្រុមរណសិរ្សអាល់ណូស្ត្រា ជាសាខាផ្លូវការអាល់កៃដានៅស៊ីរី បានត្រូវស្លាប់ក្នុងទីតាំងមួយក្នុងចំណោមទីតាំងពួកគេនៅក្រុងអាឡែប ចំណែកសាកសពមនុស្ស១០នាក់ទៀតពុំអាចដឹងអត្តសញ្ញាណ ។
ទន្ទឹមនឹងនេះ កងទ័ពបុ៉នប៉ងវាយលុកចូលភាគខាងកើតក្រុងដែលស្ថិតក្នុងកណ្តាប់ដៃពួកឧទ្ទាមចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ មក ។ យោងតាមកាសែត AL-WATAN ស្និទ្ធរដ្ឋាភិបាលថា កងទ័ពបានបោសសម្អាតកន្លែងភាគច្រើននៃសង្កាត់ QARAM AL-TARAB ភាគខាងកើត និងសង្កាត់ BANIZEID ភាគខាងជើងក្រុង ។ កងទ័ពពេលនេះចង់លុកចូលភាគខាងកើត និងភាគខាងជើងដើម្បីឈានឆ្ពោះទៅរំដោះទីក្រុងនោះទាំងមូល ។
ចំណែកនៅភាគកណ្តាលស៊ីរី ជិតព្រំដែនជាមួយលីបង់មានប្រតិបត្តិការយោធាធំៗដើម្បីដណ្តើមយកទីក្រុងហ្សារ៉ា ។ OSDH រាយការណ៍ថា កងទ័ពដណ្តើមកាន់កាប់ផ្នែកមួយធំនៃសង្កាត់ QARAM AL-TARAB នៅក្រុងអាឡែប និងថា ការប្រយុទ្ធគ្នាកំពុងបន្តនៅក្រុងហ្សារ៉ា ។ OSDH រៀបរាប់ម្យ៉ាងទៀតពីការវាយឆ្មក់កាលពីថ្ងៃទី២ កុម្ភៈ លើតំបន់ MLEHA ជាមូលដ្ឋានមួយនៅភាគអាគ្នេយ៍ក្រុងដាម៉ាស់បណ្តាលឱ្យមនុស្សស្លាប់៧នាក់ ។សង្គ្រាមនៅស៊ីរីមកទល់ពេលនេះបានសម្លាប់មនុស្សជាង១៣៦.០០០នាក់ហើយ រួចមនុស្សជាច្រើនលាននាក់រត់ភៀសខ្លួន ៕
ចែករំលែកព័តមាននេះ