មុនការបោះឆ្នោតពោរពេញដោយគ្រោះថ្នាក់នៅថៃ នាថ្ងៃទី២ កុម្ភៈ សភាពការណ៍ពុំមានភាពស្ងប់ស្ងាត់ឡើយនៅក្រុងបាងកក ដោយសារមានការបាញ់ប្រហារ និងការផ្ទុះនានាកាលពីថ្ងៃទី១ កុម្ភៈ ។
យោងតាមពួកអ្នកជួយសង្គ្រោះថា មនុស្សយ៉ាងតិច៦នាក់បានត្រូវរបួសក្នុងពេលមានការប៉ះទង្គិចគ្នារវាងពួកអ្នកគាំទ្ររដ្ឋាភិបាល និងពួកបាតុករប្រឆាំង ។ ពួកបាតុករប្រឆាំងដែលមានលោកស៊ូថេប ធឿកស៊ូបាន ជាមេខ្លោងបានលើកគ្នាទៅរាំងខ្ទប់អគារមួយជាកន្លែងសម្រាប់ការបោះឆ្នោតថ្ងៃទី២ កុម្ភៈ ដែលពួកប្រឆាំងសន្យារារាំង ។
លោកស៊ូណៃផាស៊ុន នៃអង្គការសិទ្ធិមនុស្ស HUMAN RIGHTS WATCH និយាយថា នេះជាសញ្ញាគួរឱ្យព្រួយបារម្ភមួយចំពោះអ្វីដែលនឹងអាចកើតឡើងនាថ្ងៃទី២ កុម្ភៈ ខណៈវិបត្តិនៅថៃបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១០នាក់រួចហើយ ។ អំពើហិង្សាអាចផ្ទុះឡើងយ៉ាងងាយស្រួលបំផុត ។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១ កុម្ភៈ កើតមាននៅជិតស្រុកឡាក់ស៊ី ក្រុងបាងកក ។ អ្នកកាសែតម្នាក់ស្ថិតក្នុងចំណោមអ្នករបួស ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា មានការផ្ទុះ៤ ត្រូវបានលាន់ឮប្រហែលជាការដុតផាវធំៗខណៈក្រុមទាំងពីរស្ថិតនៅចន្លោះពីគ្នាត្រឹម៨០០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ