ខេត្តប៉ៃលិន ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកម៉ូតូ ១គ្រឿង យ៉ាងពេញទំហឹង ក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់រយះខ្ទង់ច្រមុះ រលាត់ដៃជើង ចំណែកកូនបុ្រសម្នាក់ ដែលជិះពីក្រោយរងរបួសស្រាល ត្រូវគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ០៥នាទី យប់ថ្ងៃទី០១ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចផ្លូវក្រាលកៅស៊ូ ក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ អ្នកបើកបររថយន្តបង្កឈ្មោះ រឿង ចំណាន ហៅចយ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាកសិករ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បើករថយន្តម៉ាកកាមរីស៊េរីចាស់ គូទស្វិត ពណ៌ស ពាក់ស្លាកលេខ ក.២៧៩៧ ភព២ រងការខូចខាតខាងមុខស្រាល។
ចំណែកជនរងគ្រោះឈ្មោះ វឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រងរបួសរយះខ្ទង់ច្រមុះ រលាត់ដៃជើង និងកូនបុ្រសរងរបួសស្រាល បើកបរម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ អត់ស្លាកលេខ រងការខូចខាតផ្នែកខាងមុខ និងម៉ាស៊ីន ៥០ភាគរយ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ស្រវឹងស្រាជោកជាំបើកបររថយន្តក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃបុកជាមួយម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ អត់ស្លាកលេខ យ៉ាងពេញទំហឹង ដែលបើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យដួលតែម្តង។
លោកព្រិន្ទបាលឯក ហែន ពុជ នាយរងផ្នែកដោះស្រាយចរាចរណ៍ជើងគោក ខេត្តប៉ៃលិន បានឲ្យដឹងថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចឃើញថា រថយន្តជាអ្នកបង្កហេតុ ដោយបើកបរចូលទៅផ្លូវខាងម៉ូតូជនរងគ្រោះ។ លោក ហែន ពុជ បន្តថា ក្រោយពីវាស់វែងរួច សមត្ថកិច្ចបានអូសរថយន្តបង្ក និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ