ខេត្តកំពត ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយករណី បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែគេដឹងថាជារថយន្តរបស់លោកអភិបាលខេត្តកែប គឺលោក កែន សត្ថា ម៉ាកឡិចសុីស៤៧០ ពណ៌ស ដែលបើកបរដោយខ្លួនលោកផ្ទាល់ និងជិះគ្នា៣នាក់ ប្រពន្ធ និងកូនស្រី ចេញពីក្រុងកំពត ឆ្ពោះទៅខេត្តកែប តាមបណ្តោយផ្លូវជាតិលេខ៣៣ កំពត-កំពង់ត្រាច ។
តាមប្រភពព័ត៌មានឱ្យដឹងថា ពេលកំពុងបើកបរនោះ ក៏បានវាក់ និងកាច់ចង្កូតយ៉ាងតក់ក្រហល់គេចនឹងម៉ូតូដែលមានដាក់ជាលសងខាង សម្រាប់ដឹកផ្លែឈើ នៅចំណុចខាងកើតសាលាឃុំត្រពាំងសង្កែ ស្រុកទឹកឈូ បណ្តាលឱ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី៣០ មករា ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូ ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តឡិចសុីស៤៧០ របស់លោកអភិបាលខេត្តកែប បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៣៣ ។ នៅត្រង់ចំណុចកើតហេតុ គឺជាផ្លូវកំពុងសាងសង់ ដោយមានចាក់ថ្មខ្ពស់ម្ខាង ទាបម្ខាង ឯរថយន្តរបស់លោកអភិបាលខេត្ត បើកបរលើផ្លូវខ្ពស់ ចំណែកម៉ូតូដែលបើកស្របទិសគ្នា នៅពីខាងមុខរថយន្ត បើកតាមផ្លូវទាប ។
លុះមកដល់ចំណុចកើតហេតុ ដោយសារចាំងភ្លើងរថយន្តមកពីមុខផង ថែមទាំងវាក់នឹងម៉ូតូទៀត រថយន្តក៏បួងចង្កូតរេមកទទឹងផ្លូវ រួចក្រឡាប់ជាច្រើនត្រឡប់ ប៉ះទាំងម៉ូតូដែលកំពុងជិះស្របទិសគ្នានោះដួល បណ្តាលឱ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរពីរនាក់ទៀត រងរបួសស្រាល។ ចំណែករថយន្ត ក្រោយពីក្រឡាប់រួចមក គេឃើញលោកអភិបាលខេត្តកែប និងកូនស្រីម្នាក់ ដែលអង្គុយនៅបាំងខាងមុខ រងរបួសស្រាល រីឯភរិយារបស់លោក ដែលអង្គុយខាងក្រោយ រងរបួសធ្ងន់ និងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពត ប៉ុន្តែក្រោយមកក៏បានស្លាប់ ។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនិយាយថា តាមស្តាប់ឮស្នូររថយន្តក្រឡាប់នេះ មិនសមថា មានមនុស្សរងរបួសស្រាលទេ ពីព្រោះស្នូររថយន្តក្រឡាប់លាន់ដូចរន្ទះ ។ រីឯប្រភពផ្សេងទៀតនិយាយថា អ្នករងរបួសស្រាលក្នុងហេតុការណ៍ខាងលើនេះ ដោយសារបានខ្សែក្រវាត់សុវត្ថិភាពជួយ រីឯអ្នកអង្គុយនៅខាងក្រោយគឺភរិយាលោកអភិបាលខេត្តដែលស្លាប់ មិនបានពាក់ខ្សែក្រវាត់សុវត្ថិភាពទេ ។
ភរិយាលោកអភិបាលខេត្តកែប ឈ្មោះ សុង សូរីដែត អាយុ៦០ឆ្នាំ ។ សពត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅឋានរបស់លោកអភិបាលខេត្តកែប ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ៕
ចែករំលែកព័តមាននេះ