ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសែនដំបូង នៃពិធីបុណ្យចូលឆ្នាំចិន មានមនុស្ស ២នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ម ក្រុងប៉ោយប៉ែត ដោយរថយន្តបុកម៉ូតូក្នុងដំណើរបញ្រ្ចាសទិសគ្នា កាលពីវេលាម៉ោង ៣ និង ៤០នាទី រសៀលថ្ងៃទី៣០ មករា ២០១៤។
តាមព័ត៌មានជំហ៊ានដំបូង ជនរងគ្រោះក្នុងហេតុការណ៍ ១.ឈ្មោះ ស្នា ភេទប្រុស អាយុជាង ២០ឆ្នាំ ជាអ្នករស់នៅក្នុងក្រុងប៉ោយប៉ែត (ស្លាប់នៅនឹងកន្លែង) និង ២.ឈ្មោះ ហួន យ៉ីម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត)។
ជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ាស្គុន ពណ៌ខ្មៅ មិនស្គាល់សេរី បោះពួយមកពីទិសខាងលិច លុះមកដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្តម៉ាកកាមរីសេរីឆ្នាំ១៩៩៥ ចង្កូតឆ្វេង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២D.០៣៩៥ បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចប្រាប់ថា អ្នកបើកបររថយន្តបានគេចខ្លួនបាត់ក្រោយកើតហេតុ។ រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះពោងចំណុចចង្កូតផងដែរ រីឯម៉ូតូជនរងគ្រោះខូចខាតទាំងស្រុងមើលលែងយល់ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ម ក្រោយធ្វើការវាស់វែងរួច។ សពជនរងគ្រោះទាំង ២នាក់ ត្រូវសមត្ថកិច្ចទំនាក់ទំនងឲ្យសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ