ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ស្រវឹងជោកជាំ​ បើកបរ​រថយន្ត​បុក​ម៉ូតូ​សិស្សសាលា ​របួសបាក់ជើង និង​បែកក្បាល

6 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១២​និង​១០ នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១២​និង​១០ នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ពីមុខ​ខាងស្តាំ​ពេញទំហឹង បណ្ដាល​ឱ្យ​សិស្សសាលា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បាក់ជើង និង​បែកក្បាល​ ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ ហ្វា​ង ជី​ន​ឈាង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​នៅ​រោងចក្រ​កែ​ច្នៃ​ផ្លែស្វាយ ស្ថិត​នៅ​ភូមិ​អូ​រអិល​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ជន​បង្ក​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹងស្រា មុន​នឹង​បើកបរ​បុក​ពេញទំហឹង​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​បើកបរ​ម៉ូតូ​តាម​បណ្តោយ​ដងផ្លូវ​ជាតិ ក្នុង​ទិស​ដៅ​ច្រាស់​គ្នា​។
ប្រភព​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ ដា​រា ពេជ្រ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ បញ្ជូន​ជា​បន្ទាន់​ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត និង​ម៉ូតូ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ប៉ៃលិន ដើម្បី​បន្ត​នីតិវិធី​។ ចំណែកឯ​ជន​បង្ក​ជា​ជនជាតិ​ចិន ត្រូវ​បាន​ឃាត់ខ្លួន និង​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕