ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុស-ស្រីចំនួន០៤នាក់បានរងរបួស ត្រូវបានដឹកបញ្ជូនយកទៅព្យាបាលភ្លាមៗ ខណៈដែលរថយន្តដឹកកម្មករ-កម្មការិនីរោងចក្របុករះម៉ូតូចំនួន០៣គ្រឿងពេញទំហឹង ។ ហេតុការណ៍រថយន្តបុករះបានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៥១ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.ស គ្មានផ្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ក្រោយពេលកើតហេតុរួច (មានដឹកកម្មករ-កម្មការនីចំនួន៥០នាក់ ស្រីចំនួន៣៥នាក់ មិនមានអ្នករងរបួសនោះទេ) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥១ ពីទិសខាងលិចទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានប៉ះបុកម៉ូតូចំនួន០៣គ្រឿង ។

នគរបាលស្រុកសំរោងទងបានបន្តថា ម៉ូតូទី០១-ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-0112 អ្នកបើកបរឈ្មោះ ប៉ុល ស៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិព្រៃសំបុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើងរួចបត់ឆ្លងផ្លូវទៅលិច ។ ម៉ូតូទី០២-ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1X-6868 អ្នកបើកបរឈ្មោះ ឃីម ចាន់លី ភេទប្រុស អាយុ៣៤ឆ្នាំ ឌុបប្រពន្ធឈ្មោះ ស៊ុន ខ្នាអាយុ៣០ឆ្នាំ រស់នៅក្នុងភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីជើងទៅត្បូងរួចបត់ទៅកើត និងម៉ូតូទី ០៣- ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ 1CO-5875 អ្នកបើកបរឈ្មោះ ហេង ស៊ុន ភេទស្រី អាយុ២៥ឆ្នាំរស់នៅក្នុងភូមិពាំងកំផ្លង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីជើងទៅត្បូងរួចបត់ទៅកើត រះពេញទំហឹងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រលឹមតែម្តង។

នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ករណីខាងលើបណ្ដាលឱ្យរងរបបួសមនុស្សចំនួន០៤នាក់ ស្រីចំនួន០២នាក់ រងការខូចខាតម៉ូតូ ចំនួន០៣គ្រឿងកំរិតស្រាល។ រងការខូចខាតរថយន្ត០១គ្រឿងកំរិតស្រាល។ក្រោយកើតហេតុនគរបាលជំនាញចុះធ្វើការវាស់វែង ហៅរថយន្តសាមុយដឹកយកជនរងគ្រោះទៅសង្គ្រោះព្យាបាលភ្លាមៗ។
ចែករំលែកព័តមាននេះ