ផ្សារហ៊ុនទីក្រុងតូក្យូបានដាំក្បាលចុះជាង៣%កាលពីថ្ងៃព្រហស្បតិ៍ ដោយសារមានក្តីបារម្ភពីទីផ្សារកំពុងលូតលាស់នៅគ្រាដែលធនាគារកណ្តាលអាមេរិកកាត់បន្ថយកម្មវិធីជំរុញសេដ្ឋកិច្ចបន្ថែមទៀត ។ សន្ទស្សន៍ផ្សារហ៊ុនNikkei-225បានធ្លាក់ចុះ៣,៣៣% ឬ៥១១,៥៣ពិន្ទុ មក១៤.៨៧២,៣៨ពិន្ទុកាលពីពេលព្រឹកថ្ងៃព្រហស្បតិ៍ ។
លោកYoshihiro Okumura អគ្គនាយកក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មChibagin Asset Managerment បានប្រាប់សារព័ត៌មានDow Jones Newswires ថា ភាពជ្រួលច្របល់នៅក្នុង ទីផ្សារកំពុងលូតលាស់ហាក់ដូចមិនខិតកៀកទៅរកការធ្លាក់ចុះទេ ។ ខណៈដែលមានការបន្តកម្មវិធីកាត់បន្ថយរបស់ធនាគារកណ្តាល ធ្វើឲ្យអត្រាការប្រាក់ឡើងខ្ពស់ ប្រាក់ដុល្លារឡើងថ្លៃ ហើយប្រាក់យ៉េនធ្លាក់ថ្លៃ ទាំងអស់នេះហើយជាសញ្ញាវិជ្ជមានមូលដ្ឋានសម្រាប់ផ្សារហ៊ុនទីក្រុងតូក្យូ ។
ចំណែកនៅក្នុងការជួញដូររូបយប័ណ្ណវិញ ប្រាក់ដុល្លារមានតម្លៃ១០២,១៥យ៉េនក្នុងមួយដុល្លារ ។ គួរបញ្ជាក់ថា ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយកម្មវិធីទិញសញ្ញាប័ណ្ណរបស់ខ្លួនចំនួន១០ពាន់លានដុល្លារជាលើកទីពីរបន្ថែមទៀតពី៨៥ពាន់លានដុល្លារក្នុងមួយខែ៕
ចែករំលែកព័តមាននេះ