តម្លៃប្រេងឆៅកើនឡើង បន្ទាប់ពីលោកត្រាំ ថា ឥណ្ឌាបានសន្យានឹងឈប់ទិញប្រេងពីរុស្ស៊ី
បរទេស ៖ តម្លៃប្រេងឆៅបានកើនឡើងប្រហែល ១% នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់…
បរទេស ៖ តម្លៃប្រេងឆៅបានកើនឡើងប្រហែល ១% នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់…
បរទេស ៖ តម្លៃប្រេងឆៅបានកើនឡើងប្រហែល ១% នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសន្យាថា ឥណ្ឌានឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
ប្រេងឆៅនាពេលអនាគត Brent ដែលជាតម្លៃគោលសកល បានកើនឡើង ៥៤ សេន ឬ ០,៨៧% ដល់តម្លៃ ៦២,៤៥ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង ១១:៣០នាទីព្រឹកថ្ងៃទី១៦ ខែតុលា (ម៉ោងនៅកម្ពុជា)។ ចំណែកប្រេងឆៅអនាគតរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានកើនឡើង ៥៧ សេន ឬ ០,៩៨% ដល់តម្លៃ ៥៨,៨៤ដុល្លារក្នុង១ប៉ារែល។
កិច្ចសន្យាជួញដូរទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីដើមខែឧសភា ដោយសារភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន និងបន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានអំពីអតិរេកដ៏ធំនៅឆ្នាំក្រោយ ខណៈដែលបណ្តាក្រុមហ៊ុនផលិត និងគូប្រជែងរបស់អង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ី ដែលត្រូវបានស្គាល់ថា OPEC + បង្កើនផលិតកម្ម ចំពេលតម្រូវការសកលធ្លាក់ចុះ។
លោក ត្រាំ ថ្លែងកាលពីថ្ងៃទី១៥ ខែតុលា ថា ឥណ្ឌា ដែលជាប្រទេសនាំចូលប្រេងកំពូលពីរុស្ស៊ី ពោលប្រហែលមួយភាគបីនៃការនាំចូលប្រេងសរុបរបស់ខ្លួននោះ នឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ហើយបន្ទាប់ទៀត អាមេរិកនឹងព្យាយាមធ្វើឱ្យប្រទេសចិនអនុវត្តដូចគ្នានឹងឥណ្ឌា ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយប្រាក់ចំណូលពីវិស័យថាមពលរបស់រុស្ស៊ី និងដាក់សម្ពាធប្រទេសនេះ ឱ្យចរចាកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។
ស្ថានទូតឥណ្ឌាប្រចាំសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណួរពី Reuters អំពីថាតើលោក ម៉ូឌី បានប្តេជ្ញាចិត្តបែបនេះ ចំពោះលោក ត្រាំ ដែរឬទេ?
យ៉ាងណាមិញ ប្រភពដឹងអំពីរឿងនេះ បានបង្ហើបប្រាប់ Reuters ថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាមួយចំនួនកំពុងរៀបចំកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ី ជាមួយការរំពឹងទុកនៃការកាត់បន្ថយការនាំចូលបន្តិចម្តងៗ។
ឥណ្ឌា និងចិន គឺជាប្រទេសទិញកំពូលទាំងពីរ ដែលទិញប្រេងឆៅពីរុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្មដោយអាមេរិក និងសហភាពអឺរ៉ុប (EU)។ អស់រយៈពេលជាច្រើនខែកន្លងមកហើយ នាយករដ្ឋមន្ត្រីឥណ្ឌាបានទប់ទល់នឹងសម្ពាធរបស់អាមេរិកក្នុងការបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដោយមន្ត្រីរបស់ឥណ្ឌាបានការពារការទិញនេះថាមានសារៈសំខាន់ចំពោះសន្តិសុខថាមពលជាតិឥណ្ឌា។
ក្រៅពីនោះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ក៏បានថ្លែងកាលពីថ្ងៃទី១៥ ខែតុលា ថា លោកបានប្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ជប៉ុន លោក Katsunobu Kato ថា រដ្ឋបាលលោក ត្រាំ រំពឹងថា ប្រទេសជប៉ុននឹងបញ្ឈប់ការនាំចូលថាមពលពីប្រទេសរុស្ស៊ី៕
ចែករំលែកព័តមាននេះ