ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​ឡើងថ្លៃ ៣% ក្រោយ​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​កំពូល​របស់​រុ​ស្ស៊ី

2 នាទី មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​២៣ ខែតុលា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ខ្លាំង​ថ្មី ប្រឆាំង​នឹង​ក្រុមហ៊ុន​ប្រេង​ខ្នាត​យក្ស​ចំនួន ២ របស់​ប្រទេស​រុ​ស្ស៊ី នៅ​ក្នុង​គោលបំណង​ដាក់​សម្ពាធ​លើ​ទីក្រុង​មូ​ស្គូ​ឱ្យ​បញ្ចប់សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន​។

បើ​តាម​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក Scott Bessent បានឱ្យ​ដឹង​ថា ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ប្រកាស​តាម​រយៈ​បណ្តាញ​សង្គម Truth Social របស់​លោក ត្រាំ ដាក់​លើ​ក្រុមហ៊ុន Rosneft និង Lukoil ដែល​ជា​សាជីវកម្ម​ប្រេង​ធំ​បំផុត​ទាំង ២ ជួយ​ផ្តល់​មូលនិធិ​ដល់​ម៉ាស៊ីន​សង្គ្រាម​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ លោក Bessent បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​បដិសេធ​របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន (Vladimir Putin) នៅ​ក្នុង​ការ​បញ្ចប់សង្គ្រាម​គ្មាន​ន័យ​របស់​ខ្លួន បាន​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​។

ការ​ប្រកាស​នេះ កើតឡើង​១​ស​ប្តា​ហ៍ បន្ទាប់​ពី​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​ដូច​គ្នា​លើ​ក្រុមហ៊ុន Rosneft និង Lukoil និង​១​ថ្ងៃ​បន្ទាប់​ពី​លោក ត្រាំ បាន​ប្រកាស​ថា កិច្ចប្រជុំ​ដែល​បាន​គ្រោងទុក​ជាមួយ​លោក ពូ​ទី​ន នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស (Budapest) ប្រទេស​ហុង​គ្រី ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​កំណត់ពេល​។ លោក ត្រាំ បានឱ្យ​ដឹង​ថា «​រាល់ពេល​ខ្ញុំ​និយាយ​ទៅ​កាន់​លោក វ្ល៉ា​ឌី​មៀ ខ្ញុំ​មានការ​សន្ទនា​ដ៏​ល្អ ហើយ​បន្ទាប់​ពី​នោះ ការ​ចរចា​មិន​មាន​ភាព​រីក​ចម្រើន​»​។

តាម​រយៈ​ការ​ប្រកាស​ថ្មី​នេះ សំនួរ​ត្រូវ​បាន​ចោទសួរ​ថា តើ​ទណ្ឌកម្ម​ថ្មី​របស់​អា​មេ​រិ​កលើ​ក្រុមហ៊ុន​ប្រេង​កំពូល​របស់​រុ​ស្ស៊ី អាច​ប៉ះពាល់​ដល់​តម្លៃ​ប្រេង​ពិភពលោក​ដែរ​ឬទេ?

តាម​ពិត​ទៅ ព័ត៌មាន​អំពី​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក ត្រាំ បាន​បណ្តាល​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​កើនឡើង​រួច​ទៅ​ហើយ​។ តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើនឡើង ៣% នៅ​ថ្ងៃ​ទី​២៣ ខែតុលា ខណៈ​ដែល​ប្រទេស​ឥណ្ឌា ក្នុង​នាម​អ្នកទិញ​កំពូល​បាន​ចាប់ផ្តើម​ពិនិត្យ​មើល​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី បន្ទាប់​ពី​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Rosneft និង Lukoil​។

អនាគត​ប្រេង​ម៉ាក Brent ដែល​ជា​ប្រេង​ស្តង់ដារ​អន្តរជាតិ​បាន​កើនឡើង ១,៩៤​ដុល្លារ ឬ ៣,១% នៅ​ក្នុង​តម្លៃ ៦៤,៥៣​ដុល្លារ​ក្នុង​១​បារ៉ែល​ត្រឹម​ម៉ោង ១១:២៨​នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ខណៈ​ដែល​អនាគត​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក West Texas Intermediate (WTI) កើនឡើង ១,៨៩​ដុល្លារ ឬ ៣,២% នៅ​តម្លៃ ៦០,៣៩​ដុល្លារ​ក្នុង​១​បារ៉ែល​។

ក្រៅ​អំពី​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ដែល​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​របស់​រុ​ស្ស៊ី​នោះ​។ ងាក​ទៅ​កាន់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប (EU) ក៏​បាន​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​លើក​ទី ១៩ ប្រឆាំង​នឹង​រុ​ស្ស៊ី​សម្រាប់​សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន ដែល​រួម​មាន ការ​ហាមឃាត់​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) របស់​រុ​ស្ស៊ី​ផង​ដែរ​។

អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Phillip Nova លើក​ឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​លោក ត្រាំ នឹង​បង្ខំ​អ្នកទិញ​ឱ្យ​ផ្លាស់​ប្តូរ​ទៅ​កាន់​ទីផ្សារ​បើកចំហ​វិញ​៕ ប្រភព ៖ BBC និង Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ