លោក ត្រាំ អះអាងម្តងទៀតថា ឥណ្ឌានឹងកាត់បន្ថយការទិញប្រេងពីរុស្ស៊ី
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានរំលឹកឡើងវិញថា ប្រទេសឥណ្ឌាបានយល់ព្រមកាត់បន្ថយការទិញប្រេងឆៅពីរុស្ស៊ី។…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានរំលឹកឡើងវិញថា ប្រទេសឥណ្ឌាបានយល់ព្រមកាត់បន្ថយការទិញប្រេងឆៅពីរុស្ស៊ី។…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានរំលឹកឡើងវិញថា ប្រទេសឥណ្ឌាបានយល់ព្រមកាត់បន្ថយការទិញប្រេងឆៅពីរុស្ស៊ី។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
លោក ត្រាំ បានគូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានធានាដល់លោកអំឡុងពេលការហៅទូរស័ព្ទ កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ ថា ឥណ្ឌា នឹងមិនទិញប្រេងច្រើនពីរុស្ស៊ីទៀតនោះទេ ខណៈដែលលោក ម៉ូឌី ក៏ចង់ឃើញការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
លោក ត្រាំ ថ្លែងថា «ខ្ញុំបាននិយាយទៅកាន់នាយករដ្ឋមន្ត្រី ម៉ូឌី ដូចដែលខ្ញុំបានលើកឡើងពីមុនមកអ៊ីចឹង។ គាត់នឹងមិនទិញប្រេងច្រើនពីរុស្ស៊ីនោះទេ។ គាត់ចង់ឃើញការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន»។
ការរំលឹកឡើងវិញរបស់លោក ត្រាំ បានធ្វើឡើង បន្ទាប់ពីការកត់សម្គាល់ស្រដៀងគ្នារបស់លោក កាលពីសប្តាហ៍មុន ត្រូវបានក្រសួងការបរទេសឥណ្ឌានៅពេលនោះអះអាងថា ខ្លួនមិនបានដឹងអំពីការហៅទូរស័ព្ទណាមួយរវាងមេដឹកនាំទាំងពីរនោះទេ។ ប៉ុន្តែទោះយ៉ាងណា កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ មន្ត្រីម្នាក់នៅក្រសួងការបរទេសឥណ្ឌាបានប្រាប់ BBC ថា ខ្លួនមិនមានការអត្ថាធិប្បាយថ្មីលើការអះអាងចុងក្រោយរបស់លោក ត្រាំ នោះទេ។
ប្រទេសឥណ្ឌាបានក្លាយជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ប្រេងរុស្ស៊ី ខណៈដែលប្រទេសលោកខាងលិចបានគេចចេញពីការទិញ និងដាក់ទណ្ឌកម្មលើរុស្ស៊ី បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើមនៅឆ្នាំ២០២២។ ទោះយ៉ាងណាក៏ដោយ ឥណ្ឌាបានបង្កើនការនាំចូល និងទិញប្រេងឆៅពីរុស្ស៊ីដែលលក់បញ្ចុះតម្លៃ ដោយអះអាងថា ការសម្រេចចិត្តនេះមានសារៈសំខាន់ណាស់ ដើម្បីសន្តិសុខថាមពលដល់ប្រជាជនខ្លួនរាប់លាននាក់។ ជាមួយគ្នានោះ ឥណ្ឌាក៏បានចង្អុលបង្ហាញផងដែរថា ប្រទេសលោកខាងលិចជាច្រើន រួមទាំងអាមេរិកផងដែរនោះ ក៏បន្តមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី។
នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មន្ត្រីអាមេរិកបានចោទប្រកាន់ឥណ្ឌាថាបានជួយផ្តល់ថវិកាដល់រុស្ស៊ី សម្រាប់សង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយការបន្តទិញប្រេងឆៅពីរុស្ស៊ី។ រដ្ឋបាលលោក ត្រាំ បានដាក់សម្ពាធលើឥណ្ឌា ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់ទីផ្សារថាមពលរបស់រុស្ស៊ី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តាច់ផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី និងជំរុញឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ជាផ្នែកមួយនៃសម្ពាធនេះ អាមេរិកបានបន្ថែមពន្ធ ២៥% លើ ២៥% ដែលមានស្រាប់លើទំនិញឥណ្ឌា។
យ៉ាងណាមិញ ភាពតានតឹងបានធូរស្រាលមកវិញក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងដំណើរការ។ កាលពីសប្តាហ៍មុន អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌាបានប្រកាសថា ការចរចាកំពុងបន្តជាមួយរដ្ឋបាលអាមេរិក ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការថាមពលជាមួយឥណ្ឌា៕
ចែករំលែកព័តមាននេះ