រាជធានីភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៣១ មករា ល្ងាចនេះ កីឡាករជើងខ្លាំងពីររូបគឺកីឡាករ ឯម សាវឿន មកពីក្លិបឫទ្ធិពោធិសែនជ័យ និងកីឡាករ សូយ យក្សតឿ មកពីក្លិបពោធិជ័យកីឡា នឹងឡើងប្រកួតជាមួយគ្នានៅលើសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ។ ក្នុងចំណោមអ្នកទាំងពីរមានការសន្និដ្ឋានថា នឹងមានតែម្នាក់ប៉ុណ្ណោះ មានសំណាងឈ្នះ ដោយសារគូប្រកួតរបស់ពួកគេសុទ្ធតែមានមហិច្ឆតាចង់ឈ្នះដូចគ្នា។
គូឯកក្នុងការប្រកួតនេះគឺកីឡាករ ផង់ សុភាព មកក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តរតនគិរី នឹងប៉ះជាមួយកីឡាករ សូយ យក្សតឿ ដែលកន្លងមកកីឡាករទាំងពីរ មិនធ្លាប់ប៉ះគ្នានោះទេ ដោយសារ ផង់ សុភាព គឺជាអ្នកប្រដាល់ស្រករក្រោយ និងទើបដំឡើងគីឡូមកប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ទើបធ្វើឱ្យពួកគេគេចផុតគ្នារហូត ។ ផង់ សុភាព គេមានថ្វីដៃប្រកួតមុតស្រួច សូម្បីតែផ្លែដៃក៏ល្អ ឯតិចនិកក៏មិនធម្មតា ទើបនាំឱ្យមានការបា៉ន់ស្មានថា សូយ យក្សតឿ ដែលជាជើងចាស់នឹងអាចឈ្នះដោយភាគរយតិចបំផុត ។ គាប់ជួនជាមុននេះ សូយ យក្សតឿ ត្រូវគេឃើញបរាជ័យក្រោមដៃកីឡាករជើងថ្មី ខុសប្លែកពីពេលឡើងកូដខ្លាំងផង ទើបរឹតតែធ្វើឱ្យមានការចោទសួរថា តើសូយ យក្សតឿ ការពារក្រេឌីតរបស់គេបានឬមិនបាន ។ ផ្ទុយពីទស្សនៈលម្អៀង ក្រុមអ្នកវិភាគមួយក្រុមទៀតនិយាយថា ផង់ សុភាព ដ្បិតថាធ្លាប់ខ្លាំងមែន ប៉ុន្តែគេដកខ្លួនពីការប្រដាល់ជិតមួយឆ្នាំមកហើយ ដោយទើបតែវិលមកកាន់ទីតាំងនេះ កាលពីថ្ងៃទី១២ មករា មុននេះប៉ុណ្ណោះ ខណៈដែលការយកឈ្នះលើ បឿត រិទ្ធី មកពីក្លិបនិរោធមានជ័យ ក៏ត្រូវគេកត់សម្គាល់ថា ឈ្នះដោយ តឹង ។
ធៀបនឹងមុនបាត់មុខ ផង់ សុភាព ធ្លាក់កម្លាំងជាងមុន ទើបគេនៅតែយល់ថា សូយ យក្សតឿ ទៅវិញទេ នឹងក្លាយជាអ្នកការពារជ័យជម្នះ និងក្រេឌីតបានដោយពិតប្រាកដ បើទោះជាគេមានសភាពចុះខ្សោយនាពេលចុងក្រោយ ។ ការប្រកួតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន កីឡាករ សូយ យក្សតឿ បានបរាជ័យសាជាថ្មីក្រោមដៃកីឡាករ ឌុន រដ្ឋា មកពីក្លិបអេភូថងកីឡាដោយពិន្ទុ ។ ប៉ុន្តែគេមិនអាចសំអាងលើប្រវត្តិដ៏ក្តៅគគុកនេះ ហើយបា៉ន់ស្មានថា សូយ យក្សតឿ នឹងចាញ់ក្រោមដៃរបស់ ផង់ សុភាព នោះទេ ។ ដ្បិតថា មួយរយៈចុងក្រោយ សូយ យក្សតឿ មិនសូវឈ្នះច្រើនដូចចាញ់ ក៏ពេលខ្លះគេធ្វើឱ្យកីឡាករជើងខ្លាំងឯទៀត ទទួលបរាជ័យដោយនឹកស្មានមិនដល់ ។ មនុស្សជាច្រើននៅតែយល់ថា ការយកឈ្នះ ផង់ សុភាព មិនមែនជាឧបសគ្គទាល់តែសោះរបស់ សូយ យក្សតឿ ដោយសារតែ ផង់ សុភាព ដកថយពីការហ្វឹកហាត់អស់យូរក្រែលដែរហើយ ។ រវាងគូនេះអ្នកទស្សនាហាក់លម្អៀងច្រើនទៅលើកីឡាករ សូយ យក្សតឿ ។
មួយគូទៀត កីឡាករ ឯម សាវឿន ក៏ត្រូវគេផ្តោតការជឿជាក់ផងដែរថា នឹងឈ្នះលើគូប្រកួតក្នុងសន្ទស្សន៍ភាគច្រើន ។ ឯម សាវឿន ត្រូវគេជឿជាក់ថានឹងយកឈ្នះ ជ័យ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា ដោយមិនពិបាកឡើយ បន្ទាប់ពី ឯម សាវឿន ធ្លាប់បានយកឈ្នះម្តងរួចទៅហើយទៅលើកីឡាករដៃគូ កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៣ ។ ឯម សាវឿន ជាកីឡាករល្អលើកណ្តាប់ដៃជើង ប៉ុន្តែផ្អែកតាមប្រវត្តិប៉ះគ្នាស្នៀតទាំងនេះ គឺមិនសីុលើកីឡាករ ជ័យ វណ្ណៈ ប៉ុន្មានឡើយ ។ ក្រុមអ្នកតាមដាននៅតែមានជំនឿចិត្តដោយមិនកែប្រែ ព្រោះសំអាងថា ក្រៅពីធ្លាប់ចាញ់គឺ ជ័យ វណ្ណៈ ថែមទាំងមានរូបរាងតូចជាងចាញ់ប្រៀបជាងទៀតផង ។ សូយ យក្សតឿ និយាយថា ការបរាជ័យក្រោមកណ្តាប់ដៃ ឌុន រដ្ឋា កាលពីសប្តាហ៍មុន គឺជារឿងដែលគេមិនអស់ចិត្តទាល់តែសោះ ប៉ុន្តែការប៉ះជាមួយ ផង់ សុភាព គេមិនជឿនោះឡើយថា អាចជួបវាសនាដូចមុន ។ ដូចគ្នាដែរកីឡាករ ឯម សាវឿន បានបង្ហាញជំនឿចិត្តដូចគ្នាថា នឹងឈ្នះលើកីឡាករ ជ័យ វណ្ណៈ បើទោះជាជ័យជម្នះប្រកាសថានឹងសងសឹកឱ្យបាន ។ ទោះយា៉ងណា ក្នុងចំណោម សូយ យក្សតឿ និង ឯម សាវឿន មានតែ៣០%ប៉ុណ្ណោះ ដែលគេជឿថា ពួកគេនឹងឈ្នះគូប្រកួតព្រមគ្នានាល្ងាចនេះ ។ ប៉ុន្តែបើភាគរយបា៉ន់ប្រមាណថា ម្នាក់ក្នុងចំណោមពួកគេនឹងឈ្នះ គឺមានរហូតដល់ ៧០% ។
កីឡាករ សូយ យក្សតឿ មានភាគរយប្រមាណជា៥០% ត្រូវគេជឿថាអាចឈ្នះ ផង់ សុភាព ស្របគ្នាដែល ឯម សាវឿន ក៏មានតែ៥០%ស្រដៀងគ្នាថាគេនឹងឈ្នះ ជ័យ វណ្ណៈ។ បើទោះជា ឯម សាវឿន ហាក់មានទម្ងន់ធ្ងន់ជាងដើម្បីឱ្យគេជឿជាក់ ប៉ុន្តែគេមិនអាចមើលស្រាលចំពោះជំហរសងសឹករបស់កីឡាករ ជ័យ វណ្ណៈ បានឡើយ ខណៈដែល ជ័យ វណ្ណៈ កាលចាញ់ពិន្ទុលើកមុន ក៏ចាញ់ក្នុងពិន្ទុប្រកៀកប្រកិត។ ចាំមើលរវាងកីឡាករទាំងពីរ អ្នកណានឹងឈ្នះឬពួកគេនឹងអាចឈ្នះទាំងពីរ ឬត្រូវអាមា៉ស់ព្រមគ្នា? ដើម្បីឱ្យប្រាកដគឺមានតែការប្រដាល់នៅលើសង្វៀននាពេលបន្តិចទៀតប៉ុណ្ណោះ ។ នៅលើសង្វៀននោះ កីឡាករ វុត្ថា រា៉វី មកពីក្លិបអង្គរធំគុនខ្មែរ នឹងឡើងប្រកួតសងសឹកជាមួយកីឡាករ ថន វាសនា មកពីក្លិបនាគមានជ័យ ។ ពួកគេទាំងពីរ កាលពីប៉ះគ្នាលើកមុន ថន វាសនា ជាអ្នកយកឈ្នះដោយពិន្ទុ ។ មួយគូទៀត កីឡាករ ផង សុភ័ស្ស ជួបប្រកួតជាមួយកីឡាករ យុគ យក្សខួច មកពីក្លិបអប់រំកាយខេត្តបាត់ដំបង ។
កន្លងមក ផង់ សុភ័ស្ស ប៉ះជាមួយ យុគយក្ស ផ្លែជាបង យុគ យក្សខួច គឺមិនធ្លាប់ឈ្នះទាល់តែសោះ ខណៈដែលកាលប៉ះជាមួយ យុគយក្សខួច ក៏មិនធ្លាប់ឈ្នះនោះ
ដែរ ៕
ចែករំលែកព័តមាននេះ