អ្នកនាំពាក្យការបរទេសចិន លោកស្រី HUA CHUNYING ប្រកាសកាលពីថ្ងៃទី២៩ មករា ថា រដ្ឋាភិបាលកណ្តាលចិន គាំទ្រការខិតខំប្រឹងប្រឹងរបស់តំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីដោះស្រាយដោយសមស្រប ក្រោយសោកនាដកម្មនៃការចាប់មនុស្សជាចំណាប់ខ្មាំងនៅហ្វ៊ីលីពីន កាលពី៣ឆ្នាំមុននេះ ។
ការប្រកាសនេះរបស់លោកស្រី HUA ធ្វើឡើងក្រោយពីក្រុងហុងកុង ប្រកាសពីទណ្ឌកម្មមួយប្រឆាំងហ្វ៊ីលីពីន ព្រោះតែក្រុងម៉ានីលនៅតែពុំព្រមធ្វើការសុំទោសជាផ្លូវការ និងនៅពុំព្រមបំពេញតាមសំណើនានារបស់បណ្តាគ្រួសារជនរងគ្រោះ ដោយសារសោកនាដកម្មនេះ ។ ប្រមុខប្រតិបត្តិក្រុងហុងកុង លោក LEUNG បញ្ជាក់កាលពីថ្ងៃទី២៩ មករា ថា ទណ្ឌកម្មនឹងចូលជាធរមានចាប់ពីថ្ងៃទី៥ កុម្ភៈ ទៅជាមួយការផ្អាករយៈពេល១៤ថ្ងៃ ពុំលើកលែងទិដ្ឋាការសម្រាប់បណ្តាអ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការហ្វ៊ីលីពីន ។
កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១០ អតីតប៉ូលិសហ្វ៊ីលីពីនម្នាក់ឈ្មោះ រ៉ូឡានដូ មេនដូហ្សា បានចាប់ពង្វាងក្នុងទីក្រុងម៉ានីលនូវរថយន្តបឺសមួយ មានមនុស្សជិះ២៥នាក់ ។ ក្នុងឧប្បត្តិហេតុចាប់ចំណាប់ខ្មាំងនេះ ចំណាប់ខ្មាំងជាជនហុងកុង៨នាក់ និងអតីតប៉ូលិសរូបនោះ ត្រូវសម្លាប់ ហើយអ្នកដំណើរ៧នាក់ ត្រូវរបួស ។ ប្រធានាធិបតីហ្វ៊ីលីពីន លោកបេនីញ៉ូ អាគីណូ បានបដិសេធពុំព្រមធ្វើការសុំទោសជាផ្លូវការ ៕
ចែករំលែកព័តមាននេះ