អាវ Son ក្លាយជាអាវលក់ដាច់បំផុតលើពិភពលោក បន្ទាប់ពីផ្លាស់ទៅអាមេរិកមិនដល់២សប្តាហ៍
សហរដ្ឋអាមេរិក ៖ បន្ទាប់ពីផ្លាស់ទៅចូលរួមជាមួយក្លិប Los Angeles FC ឬ LAFC នៃលីគកំពូលបាល់ទាត់សហរដ្ឋអាមេរិក MLS…
សហរដ្ឋអាមេរិក ៖ បន្ទាប់ពីផ្លាស់ទៅចូលរួមជាមួយក្លិប Los Angeles FC ឬ LAFC នៃលីគកំពូលបាល់ទាត់សហរដ្ឋអាមេរិក MLS…
សហរដ្ឋអាមេរិក ៖ បន្ទាប់ពីផ្លាស់ទៅចូលរួមជាមួយក្លិប Los Angeles FC ឬ LAFC នៃលីគកំពូលបាល់ទាត់សហរដ្ឋអាមេរិក MLS មិនទាន់បាន២សប្តាហ៍ផង ខ្សែប្រយុទ្ធឆ្នើមកូរ៉េខាងត្បូង Son Heung-min ឥឡូវនេះបានក្លាយជាអត្តលិកដ៏ពេញនិយមបំផុតមួយរូបនៅសហរដ្ឋអាមេរិករួចបាត់ទៅហើយ។
បើតាមលោក John Thorrington សហប្រធាន និងជានាយកប្រតិបត្តិក្លិប LAFC បានអះអាងថា អាវលេខ ៧ របស់ Son ជាមួយក្រុមថ្មី ឥឡូវនេះគឺជាអាវកីឡាលក់ដាច់បំផុតទូទាំងពិភពលោក ខណៈដែលសមិទ្ធិផលដ៏អស្ចារ្យនេះ បានកើតឡើងតិចជាង១សប្តាហ៍ បន្ទាប់ពីអតីតខ្សែប្រយុទ្ធឆ្នើមក្រុម Tottenham Hotspur វ័យ៣៣ឆ្នាំរូបនេះ បានចុះហត្ថលេខាជាមួយក្លិប LAFC កាលពីថ្ងៃទី៦ ខែសីហា កន្លងទៅ។ លោកថែមទាំងអះអាងថា ការលក់បច្ចុប្បន្ននេះ គឺកើនលើសពីការលក់អាវរបស់កីឡាករ Lionel Messi របស់ក្លិប Inter Miami កីឡាករ Cristiano Ronaldo របស់ក្លិប Al-Nassr ក៏ដូចជាតារាបាល់បោះឆ្នើមអាមេរិក Lebron James និងអត្តពលិកដទៃផ្សេងទៀត។
លោក Thorrington បានប្រាប់សារព័ត៌មាន talkSPORT កាលពីពេលថ្មីៗនេះ ដូច្នេះថា «នេះគឺជាសប្តាហ៍ទី២ ដែលយើងមិនគ្រាន់តែនិយាយពីការលក់អាវកីឡាបាល់ទាត់ដែលលក់ដាច់បំផុតនៅ MLS នោះទេ ប៉ុន្តែវាជាអាវលក់ដាច់បំផុតគ្រប់ប្រភេទកីឡាទាំងអស់ក្នុងពិភពលោកនាពេលឥឡូវនេះ ប្រសិនបើអ្នកគិតអំពីការលក់ក្រោយពេល Son បានចុះហត្ថលេខាជាមួយនឹង LAFC រហូតមកដល់ពេលនេះ អាវលេខ ៧ របស់គេលក់បានច្រើនជាងអត្តពលិកដទៃទៀតលើពិភពលោក»។ ទោះយ៉ាងណា លោកមិនបញ្ជាក់អំពីតួលេខនៃការលក់នោះទេ។
ខ្សែប្រយុទ្ធ Son Heung-min ចុះហត្ថលេខាជាផ្លូវការជាមួយក្លិប LAFC កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ និងជាកីឡាករមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ MLS ពោលចំនួន ២៦,៥លានដុល្លារអាមេរិក។ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ បានបង្ហាញខ្លួនលើកដំបូងជាមួយ LAFC នៅក្នុងការប្រកួតពានរង្វាន់ MLS ទល់នឹងក្រុម Chicago Fire FC ដែលបានបញ្ចប់ទៅដោយលទ្ធផល ២-២ កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ។
អាវលេខ ៧ ថ្មីរបស់ Son ត្រូវបានដាក់លក់ក្នុងតម្លៃ ១៩៤,៩៩ដុល្លារនៅក្នុងហាង MLS និងហាង LAFC គ្រប់ទំហំទាំងអស់ លើកលែងតែទំហំ 3XL។ បន្ថែមពីលើសន្ទុះការលក់អាវរបស់កីឡាករូបនេះ តម្រូវការសំបុត្រទស្សនាការប្រកួតក៏បានឡើងថ្លៃផងដែរ ជាមួយសំបុត្រតម្លៃថោកបំផុតនាពេលបច្ចុប្បន្នសម្រាប់ការប្រកួតក្នុងផ្ទះរបស់ក្រុម LAFC មានតម្លៃ ២២០ដុល្លារ។
លើសពីនេះទៀត ប្រភពពីសារព័ត៌មាន Korea Times បានរាយការណ៍ថា តម្លៃសំបុត្រសម្រាប់ការប្រកួតរបស់ LAFC ជាមួយក្រុម San Diego FC នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ បានឡើងថ្លៃយ៉ាងខ្លាំងពីប្រហែល ៣០០ដុល្លារទៅ ១ ៥០០ដុល្លារឯណោះ៕ ប្រភព ៖ Sports Illustrated
ចែករំលែកព័តមាននេះ