ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ព្រមា.ន​រុ​ស្ស៊ី​អំពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​លោកពូ​ទី​ន ​មិន​ព្រម​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ ថា ប្រទេស​រុ​ស្ស៊ី​នឹង​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​លោក​ប្រធានាធិបតី វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) មិន​ព្រម​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កំពូល​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ខាង​មុខ​នេះ ដែល​រៀបចំ​ឡើង​នៅ​អា​ឡា​ស្កា (Alaska) សហរដ្ឋអាមេរិក ទោះបីជា​លោក​មិន​បាន​បញ្ជាក់​ថា ផលវិបាក​ទាំងនោះ​ជា​អ្វី​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNN, BBC និង AP បាន​ចេញផ្សាយ​។

នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​អ្នក​សារព័ត៌មាន​ថា តើ​ផលវិបាក​ធ្ងន់ធ្ងរ​នោះ នឹង​កើត​មាន​ក្នុង​ទម្រង់​នៃ​ការ​ដាក់​ទណ្ឌកម្ម​ពន្ធគយ ឬ​យ៉ាងណា? ភ្លាម​ៗ លោក ត្រាំ បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ​មិន​ចាំបាច់​និយាយ​អំពី​វា​ទេ ព្រោះ​វា​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​»​។ ការ​អត្ថាធិប្បាយ​របស់​លោក ត្រាំ បាន​កើតឡើង​បន្ទាប់​ពី​លោក​បាន​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វី​ដេ​អូ​ខ​ល ជាមួយ​បណ្តា​មេដឹកនាំ​អឺរ៉ុប រួម​ទាំង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskyy) ដោយ​បាន​ប្រាប់​កិច្ចប្រជុំ​នោះ​ថា លោក ពូ​ទី​ន កំពុង​តែ​និយាយ​បំផ្លើស​អំពី​ការ​ស្វែងរក​សន្តិភាព​។ ជា​លទ្ធផល​កិច្ចប្រជុំ អធិការបតី​អា​ល្លឺ​ម៉​ង់ លោក Friedrich Merz បាន​ថ្លែង​ថា មេដឹកនាំ​អឺរ៉ុប​មាន​កិច្ច​ពិភាក្សា​ប្រកបដោយ​ការ​ស្ថាបនា និង​រលូន​ល្អជា​មួយ​លោក ត្រាំ​។

លោក ត្រាំ ក៏​បាន​ថ្លែង​ផង​ដែរ​ថា នឹង​មានឱកាស​ដ៏​ល្អ​សម្រាប់​កិច្ចប្រជុំ​លើក​ទី ២ ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី រួម​នឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ទន្ទឹម​ជាមួយ​គ្នា​នោះ អធិការបតី​អា​ល្លឺ​ម៉​ង់​ក៏​បាន​និយាយ​ថា អាទិភាព​ជា​ចម្បង​គឺ​ការ​ធានា​បទ​ឈប់​បាញ់ ហើយ​បន្ថែម​ទៀត​ថា សម្ព័ន្ធមិត្ត​របស់​អ៊ុយ​ក្រែ​ន​គួរតែ​បង្កើន​សម្ពាធ​លើ​រុ​ស្ស៊ី ប្រសិនបើ​លោក ពូ​ទី​ន មិន​យល់ព្រម​បញ្ឈប់​សង្គ្រាម​។ ចំណែក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer បាន​សន្យា​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន និង​អរគុណ​លោក ត្រាំ ដែល​បាន​នាំ​លោកពូ​ទី​ន មក​កាន់​តុ​ចរចា​។

បើ​យោង​តាម​ការ​ចេញផ្សាយ​ពី ABC News បានឱ្យ​ដឹង​ថា ការ​វាយប្រហារ​ចម្ងាយ​ឆ្ងាយ​ដោយ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​បន្ត​ពេញ​មួយ​យប់​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៣ ខែសីហា​។ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​បាន​អះអាង​ថា រុ​ស្ស៊ី​បាន​បញ្ជូន​ដ្រូ​ន​វាយប្រហារ​ចំនួន ៤៩​គ្រឿង និង​មី​ស៊ី​លប​ល​លី​ស​ស្ទីក (Ballistic) ផលិត​ដោយ​កូរ៉េ​ខាងជើង​ចំនួន​២​គ្រាប់ ដោយនៅ​ក្នុង​នោះ ដ្រូ​ន ៣២​គ្រឿង និង​មី​ស៊ី​លប​ល​លី​ស​ស្ទីក​ទាំង​ពីរ​គ្រាប់​ត្រូវ​បាន​បាញ់​ទម្លាក់​។ ទន្ទឹម​នឹង​នោះ ក្រសួងការពារជាតិ​រុ​ស្ស៊ី​ក៏​បាន​ប្រកាស​ថា កងកម្លាំង​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​ចំនួន​៦៣​គ្រឿង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ