វៀតណាមព្រមា.នពីហានិភ័យខ្ពស់នៃជំងឺគ្រុនឈីក ចំពេលមានការកើនឡើងនៅចិន និងសិង្ហបុរី
ប្រទេសវៀតណាម ៖ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាម VnExpress និង Vietnam Plus នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥…
ប្រទេសវៀតណាម ៖ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាម VnExpress និង Vietnam Plus នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥…
ប្រទេសវៀតណាម ៖ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាម VnExpress និង Vietnam Plus នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមបានព្រមានពីហានិភ័យខ្ពស់នៃជំងឺឈីកគង់ហ្គន់យ៉ា (Chikungunya) ឬគ្រុនឈីក ដែលចម្លងដោយមូសខ្លាផ្ទុកមេរោគឈីក ខណៈដែលការរីករាលដាលបានកើតឡើងនៅក្នុងប្រទេស និងតំបន់មួយចំនួននៅក្នុងតំបន់រួចទៅហើយ។
ជំងឺគ្រុនឈីកបង្កឱ្យមានគ្រុនក្តៅ និងឈឺសន្លាក់ធ្ងន់ធ្ងរ ហើយត្រូវបានរីករាលដាលជាចម្បងដោយមូសខ្លាញីផ្ទុកមេរោគឈីក។ ករណីភាគច្រើនគឺស្រាល ហើយការស្លាប់ក៏កម្រណាស់ ប៉ុន្តែមនុស្សពេញវ័យ និងទារកទើបកើត ប្រឈមនឹងហានិភ័យខ្ពស់នៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។
កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ អង្គការសុខភាពពិភពលោក ឬ WHO បានចេញសេចក្តីជូនដំណឹងអំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺឈីកគង់ហ្គន់យ៉ា ដោយលើកឡើងពីការផ្ទុះឡើងដ៏សំខាន់នៅលើកោះមហាសមុទ្រឥណ្ឌាដូចជា La Réunion និង Mayotte ដែលឥឡូវនេះបានរីករាលដាលដល់ផ្នែកខ្លះនៃទ្វីបអាហ្វ្រិក អាស៊ីខាងត្បូង និងអឺរ៉ុប។
នៅក្នុងខេត្តក្វាងទុង (Guangdong) ប្រទេសចិន អាជ្ញាធរសុខាភិបាលបានកត់ត្រាករណីឆ្លងជាង ៤ ៨០០នាក់ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ដែលជាការផ្ទុះឡើងដ៏ធំបំផុត មិនធ្លាប់មានសេចក្តីរាយការណ៍នៅទីនោះ។ ចំណែកប្រទេសសិង្ហបុរីក៏បានរាយការណ៍ថាមានករណីឆ្លងចំនួន១៧នាក់ តាំងដើមឆ្នាំរហូតមកទល់ពេលនេះ ពោលគឺច្រើនជាងទ្វេដងនៃរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលភាគច្រើនអ្នកឆ្លងមានទំនាក់ទំនងទៅនឹងការធ្វើដំណើរទៅកាន់តំបន់ផ្ទុះជំងឺនេះ នៅក្រៅប្រទេស។
ទោះបីជាគ្មានករណីក្នុងស្រុកត្រូវបានរកឃើញក៏ដោយ ក៏ប្រទេសវៀតណាមកំពុងឈានចូលដល់រដូវកាលកំពូលនៃសត្វមូសខ្លា ដែលត្រូវបានកត់ត្រានៅក្នុងតំបន់ជាច្រើន។ ការកើនឡើងនៃការធ្វើដំណើរក្នុងស្រុក និងក្រៅប្រទេសក្នុងរដូវក្តៅ បានបន្ថែមហានិភ័យនៃការនាំមេរោគចូល និងរីករាលដាលយ៉ាងឆាប់រហ័ស។ ហេតុនេះហើយ ទើបក្រសួងសុខាភិបាលវៀតណាមបានបញ្ជាឱ្យមានការឃ្លាំមើលកាន់តែតឹងរ៉ឹងនៅតាមច្រកព្រំដែន តំបន់ទេសចរណ៍ សហគមន៍ និងកន្លែងថែទាំសុខភាព ពិសេសសម្រាប់អ្នកដំណើរមកពីតំបន់ផ្ទុះជំងឺនេះ។
អាជ្ញាធរមូលដ្ឋានត្រូវបានណែនាំឱ្យបង្កើនវិធានការកំចាត់សត្វមូស និងការលុបបំបាត់ទឹកដក់ ការចោលធុងសំរាមពាសវាលពាសកាស ព្រមទាំងបង្កើនយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ រួមជាមួយនឹងវិធានការបង្ការជំងឺគ្រុនឈាមផងដែរ។ ក្រសួងក៏កំពុងធ្វើការយ៉ាងស្និទ្ធជាមួយ WHO មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក និងអ្នកជំនាញក្នុងស្រុក ដើម្បីវាយតម្លៃហានិភ័យ និងរៀបចំវិធានការឆ្លើយតបភ្លាមៗ។ ការណែនាំ និងការបណ្តុះបណ្តាលសម្រាប់បុគ្គលិកពេទ្យកំពុងត្រូវបានបានធ្វើបច្ចុប្បន្នភាព ខណៈពេលដែលថ្នាំពេទ្យ ឧបករណ៍តេស្ត និងឧបករណ៍ផ្គត់ផ្គង់ការសង្គ្រោះបន្ទាន់កំពុងត្រូវបានស្តុកទុក។
ក្រសួងក៏ណែនាំដល់អ្នកធ្វើដំណើរត្រឡប់មកពីប្រទេសដែលរងគ្រោះ ត្រូវតាមដានសុខភាពរយៈពេល១២ថ្ងៃ ហើយស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើមានរោគសញ្ញាដូចជាគ្រុនក្តៅភ្លាមៗ ឈឺសន្លាក់ ឬឡើងកន្ទួល។ នៅតាមផ្ទះក៏ត្រូវបានជំរុញឱ្យអនាម័យធុងទឹកទាំងអស់ លុបបំបាត់កន្លែងអាចឱ្យមូសបង្កាត់ពូជ ស្លៀកពាក់ដៃវែង គេងក្នុងមុង សូម្បីតែពេលថ្ងៃ និងសហការជាមួយយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វល្អិត។ រីឯពលរដ្ឋដែលធ្វើដំណើរទៅកាន់តំបន់ជំងឺឈីកគង់ហ្គន់យ៉ា គួរមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងមូសខាំ និងរាយការណ៍ពីរោគសញ្ញាណាមួយទៅកាន់អាជ្ញាធរសុខាភិបាល៕
ចែករំលែកព័តមាននេះ