ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ដើម​ទុរេន​ជាង​៣​ពាន់​ដើម​នៅ​តំបន់​ដាំ​ដុះ​សំខាន់​របស់​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​អាជ្ញាធរ​កា.ប់​បំផ្លាញ?

4 ម៉ោង មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ​ប៉ាហាំង (Pahang) ដែល​ជា​រដ្ឋ​ដាំ​ដុះ​ផ្លៃ​ទុរេន​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​កាប់​បំផ្លាញ​ដើម​ទុរេន​ជាង​៣​ពាន់​ដើម រួម​ទាំង​ពូជ Musang King ដ៏​មាន​តម្លៃ​ថ្លៃ​ផង​ដែរ…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ​ប៉ាហាំង (Pahang) ដែល​ជា​រដ្ឋ​ដាំ​ដុះ​ផ្លៃ​ទុរេន​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​កាប់​បំផ្លាញ​ដើម​ទុរេន​ជាង​៣​ពាន់​ដើម រួម​ទាំង​ពូជ Musang King ដ៏​មាន​តម្លៃ​ថ្លៃ​ផង​ដែរ ដោយ​អាជ្ញាធរ​បាន​អះអាង​ថា ត្រូវ​បាន​ដាំ​ដុះ​ដោយ​ខុសច្បាប់​។

ដើម​ទុរេន​មាន​អាយុ​ចាប់ពី ៣ ទៅ​ដល់ ៤០​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​ប៉ាហាំង​កាប់​បំផ្លាញ អំឡុង​ពេល​ប្រតិបត្តិការ​កំពុង​តែ​បន្ត នៅ​ក្នុង​គោលបំណង​ដោះស្រាយ​ការ​ទន្ទ្រាន​ដី​នៅ​តំបន់​ព្រៃ​បម្រុង Gunung Benum នៃ​ស្រុក Raub​។ លោក Zainuddin Jamaluddin ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​រដ្ឋ​បាន​ថ្លែង​ថា ប្រតិបត្តិការ​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រហែល​២៥០​ហិ​កតា ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​រយៈពេល​២​ខែ​។ តំបន់​នេះ​ត្រូវ​បាន​ស្គាល់​ថា​មានការ​ដាំ​ដើមឈើ​ហូប​ផ្លែ​ខុសច្បាប់​ជា​ច្រើន​ពី​សំណាក់​អ្នកស្រុក​។

បើ​តាម​កាសែត​ក្នុងស្រុក New Straits Times ដោយ​បាន​ស្រង់​សម្តី​ប្រធាន​នាយកដ្ឋាន​បាន​និយាយ​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ថា «​ក្រៅពី​ពូជ Musang King, D24, IOI និង​ដើម​ពូជ​ផ្សេង​ទៀត​នោះ ក្រុម​អនុវត្ត​ច្បាប់​ក៏​បាន​កាប់​បំផ្លាញ់​ដើម​សាវម៉ាវ មង្ឃុត សណ្តែក Petai ព្រមទាំង​ដើមឈើ​ហូប​ផ្លែ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ដាំ​ដុះ​នៅ​ក្នុង​ព្រៃ​បម្រុង​។

ការ​បង្ក្រាប​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា កន្លង​ទៅ បន្ទាប់​ពី​មាន​ក្រឹត្យ​របស់​ព្រះ​អង្គ​ម្ចាស់ Sultan Abdullah Ahmad Shah ស្តេច​ស៊ុ​ល​តង់​នៃ​រដ្ឋ​ប៉ាហាំង ដែល​បាន​អំពាវនាវ​ឱ្យ​ចាត់វិធានការ​ឆាប់រហ័ស ដើម្បី​បញ្ឈប់​ការ​កាន់កាប់​ដី​ខុសច្បាប់​នៅ​ទូ​ទាំង​រដ្ឋ​។

បើ​តាម​កាសែត​ក្នុងស្រុក The Star បាន​រាយការណ៍​ថា កាលពី​ស​ប្តា​ហ៍​មុន អាជ្ញាធរ​បាន​ស្ទាក់​ចាប់​កសិករ​ម្នាក់​ដែល​ដឹក​ផ្លែ​ទុរេន​៩១៩​គីឡូក្រាម មាន​តម្លៃ​ប្រហែល ៥​ពាន់​រីង​ហ្គី​ត ឬ​ស្មើ ១ ១៨០​ដុល្លារ​អា​មេ​រិ​ក ដែល​ដាំ​ដុះ​ដោយ​ខុសច្បាប់​។

ស្រុក Raub ដែល​ត្រូវ​បាន​ហៅ​ថា​ជា​រាជធានី​ទុរេន​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ត្រូវ​បាន​គេ ដាក់​ឈ្មោះ​ថា «Musang King Durian Town» មាន​ដើម​ទុរេន​ប្រហែល ១៥​ម៉ឺន​ដើម​លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន​២​ពាន់​ហិ​កតា​។ យ៉ាងណាមិញ កាលពី​ថ្មី​ៗ ទីនោះ​បាន​បង្កើត​ឱ្យ​មាន​ចំណងជើង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារ​បណ្តា​កសិដ្ឋាន​ទុរេន​ខុសច្បាប់​។

កាលពីដើម​ឆ្នាំ​២០២៥ អាជ្ញាធរ​រដ្ឋ​បាន​អនុវត្ត​ប្រតិបត្តិការ​រយៈពេល​១​ខែ ដើម្បី​បិទ​ចម្ការ​ទុរេន​ខុសច្បាប់ ដែល​បណ្តាល​ឱ្យ​មានការ​កាប់​បំផ្លាញ​ដើម​ទុរេន​ជាង​១​ពាន់​ដើម ដោយ​បង្ក​ឱ្យ​មានការ​រិះគន់​ពី​បណ្តា​កសិករ​គ្មាន​អាជ្ញាប័ណ្ណ និង​សមាជិក​សភា​ស្រុក Raub ផង​ដែរ​។ លុះ​នៅ​ដើមខែ​ឧសភា​កន្លង​ទៅ ស្តេច​ស៊ុ​ល​តង់​នៃ​រដ្ឋ​ប៉ាហាំង​បានដឹង​ថា ផ្ទៃដី​ទំហំ ១០ ៥២១​ហិ​កតា នៅ​ស្រុក Raub ត្រូវ​បាន​កាន់កាប់​ដោយ​ខុសច្បាប់​។

ខណៈ​ពេល​ដែល​ប្រតិបត្តិការ​កន្លង​មក​ប្រឈម​មុខ​នឹង​ការ​តស៊ូ​មតិ​ជា​ច្រើន​នោះ លោក Zainuddin បាន​អះអាង​ថា ចាប់តាំងពី​ការ​បង្ក្រាប​ចុង​ក្រោយ​បាន​ចាប់ផ្តើម​មក ពុំ​មាន​របាយការណ៍​ពី​ការ​ជំទាស់ ឬ​ការ​គំរាមកំហែង​ពី​កសិករ ក៏​ដូច​ជា​អ្នក​ដាំ​ដំណាំ​ពាក់ព័ន្ធ​នោះ​ឡើយ​។ លោក​កត់​សម្គាល់ថា កសិករ​បាន​គោរព​តាម​ចំណាត់ការ​ម៉ឺងម៉ាត់​របស់​មន្ទីរ​ក្នុង​ការ​កាប់​បំផ្លាញ​ដើម​ដំណាំ​ដែល​ដាំ​ខុសច្បាប់​លើ​ដី​ដែល​ទន្ទ្រាន​យក​។ លោក​ក៏​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ព័ត៌មាន​ទៅ​កាន់​អាជ្ញាធរ ដើម្បី​ជួយ​តាមដាន​ស្ថានការណ៍​ពាក់ព័ន្ធ​ការ​ទន្ទ្រាន​យក​ដី​សាធារណៈ​ផង​ដែរ​។

ផ្លែ​ទុរេន​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​ធំ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ជំរុញ​ពាណិជ្ជកម្ម​បរទេស​ផង​ដែរ​។ ជាក់ស្តែង នៅ​ពេល​ភ្នាក់ងារ Tourism Malaysia ក្រោម​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ បាន​ចាប់ផ្តើម​កញ្ចប់​ទេសចរណ៍​ទុរេន​រដូវក្តៅ​របស់​ខ្លួន​ប្រចាំឆ្នាំ ២០២៤-២០២៥ កាលពី​ឆ្នាំ​មុន​នោះ កញ្ចប់​ទេសចរណ៍​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណូល​២​លាន​រីង​ហ្គី​ត ឬ​ស្មើ​ជាង ៤៧២ ០០០​ដុល្លារ​ក្នុង​ការ​លក់​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​។

ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ធានា​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​មុន ដើម្បី​នាំ​ចេញ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន ដែល​ពី​មុន​ទទួលយក​តែ​ផ្លែ​ទុរេន​កក​តែ​ប៉ុណ្ណោះ​។ ក្រសួងកសិកម្ម និង​សន្តិសុខ​ស្បៀង​ម៉ា​ឡេ​ស៊ី​រំពឹង​ថា ការ​នាំ​ចេញ​នឹង​កើនឡើង​ដល់ ១,៥​ពាន់​លាន​រីង​ហ្គី​ត ឬ​ជាង ៣៥៤​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ