ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិប្រកាស៖ កម្ពុជា-ថៃ បង្ហាញ «កាយវិការសុច្ឆន្ទៈ» ដកអាវុធធុនធ្ងន់ក្រោមការសង្កេតការណ៍របស់ AOT

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖ ក្នុង​ន័យ​បង្ហាញ​ពី​កាយវិការ​សុច្ឆន្ទៈ និង​ការ​បញ្ជាក់​ពី​ការ​តាំងចិត្ត​ដ៏​ម៉ឺងម៉ាត់ ក្នុង​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​មាន​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ធ្វើ​ជា​សាក្សី កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ចាប់ផ្តើម​កែសម្រួល​យុទ្ធោបករណ៍ និង​អាវុធ​ធុន​ធ្ងន់​របស់​ខ្លួន​មួយ​ផ្នែក​នៃ​ជំហាន​ទី​១ សម្រាប់​ជា​និមិត្តរូប ក្រោម​ការ​សង្កេតការណ៍​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ។

បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង ០៩:០០​នាទី​យប់ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​កែសម្រួល​យុទ្ធោបករណ៍ និង​អាវុធ​ធុន​ធ្ងន់​របស់​ខ្លួន​ដោយ​ដក​មួយ​ផ្នែក​នៃ​ជំហាន​ទី​១ សម្រាប់​ជា​និមិត្តរូប​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​នូវ​សេចក្តីថ្លែងការណ៍​រួម​នេះ ។

កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​បោះ​ជំហាន​ដ៏​វិជ្ជមាន​នេះ នឹង​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ កម្ពុជា​សូម​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ក្នុង​ការ​គោរព និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ព្រមទាំង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ថៃ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​ជា​ច្រើន​ជំនាន់​តទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ