ក្រសួងការពារប្រទេសបារាំង គូសបញ្ជាក់កាលពីថ្ងៃ២៩ មករា ថាការនាំចេញគ្រឿងសព្វាវុធរបស់បារាំងមានការកើនឡើងក្នុងឆ្នាំ២០១៣ ប្រមាណជា៣០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ជាមួយនឹងទឹកប្រាក់បញ្ជាទិញដល់ទៅ៦,៣ពាន់លានអឺរ៉ូ ដោយសារជាពិសេសកុងត្រាសំខាន់ៗ ដែលចុះហត្ថលេខានៅមជ្ឈឹមបូព៌ា ។ក្នុងឆ្នាំ២០១២ ការបញ្ជាទិញអាវុធបារាំងមានតម្លៃ៤,៨ពាន់លានអឺរ៉ូ ទល់នឹង៦,៥ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១១ ។ ឆ្នាំ២០១៣ ជាឆ្នាំនៃការវិលត្រឡប់គួរឱ្យកត់សម្គាល់នៃកុងត្រាទិញអាវុធសំខាន់ៗក្នុងនោះ មានកុងត្រា៨មានទឹកប្រាក់ប្រមាណជា២០០លានអឺរ៉ូ ។
រដ្ឋមន្ត្រីការពារប្រទេសបារាំងលោក Jean Yves បានបង្ហាញកាលពីថ្ងៃទី៣០ មករា នៅទីក្រុង Brest ក្នុងពិធីប្រគល់ដោយការដ្ឋាននាវា DCNS នូវនាវាពិឃាតទំនើបមានមុខងារច្រើន Fremm ដល់កងម៉ារីនម៉ារ៉ុក ពីលទ្ធផលដំបូងទាំងឡាយនៃការលក់អាវុធបារាំង។
ក្នុងកាលៈទេសៈនយោបាយអនុគ្រោះ មកពីភាពតានតឹងរវាងមហាអំណាចអាមេរិក និងបណ្តាសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រពែរ្ស៍ បារាំងសង្ឃឹមថា ការលក់អាវុធរបស់ខ្លួននឹងមានលក្ខណៈល្អក្នុងឆ្នាំ២០១៤ ដែលពង្រឹងចំណាត់ថ្នាក់ទី៤របស់ប្រទេសនេះ ក្នុងចំណោមប្រទេសនាំចេញអាវុធសំខាន់ៗលើពិភពលោក គឺបន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស និងរុស្ស៊ី ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាម៉ូយទិញអាវុធសំខាន់មួយរបស់បារាំង ហើយអាស៊ីភាគអាគ្នេយ៍តំណាងឱ្យ១៦% ជាមួយការចូលរួមរបស់សិង្ហបុរី ។ អាហ្វ្រិកខាងជើងតំណាងឱ្យ១១% និងអាមេរិកឡាទីនតំណាងឱ្យ៩% ៕
ចែករំលែកព័តមាននេះ