ប្រទេសសិង្ហបុរី ៖ សិង្ហបុរីនឹងដាក់ដេញថ្លៃលក់វត្ថុប្រណីតៗចំនួន ៤៦៦ រួមមានទាំងកាបូបយួរដៃ គ្រឿងអលង្ការថ្លៃៗ និងមាសចំនួន ៥៨ ដុំផងដែរ ដែលរឹបអូសបានពីជនសង្ស័យក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសដីកោះមួយនេះ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានស្រង់សម្តីប៉ូលិសសិង្ហបុរី កាលពីថ្ងៃទី១២ ខែសីហា បានឱ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាសវនកម្មរបស់ចក្រភពអង់គ្លេស Deloitte សាខាប្រចាំ ប្រទេសសិង្ហបុរីត្រូវបានផ្តល់ភារកិច្ចឱ្យគ្រប់គ្រងដំណើរការលក់វត្ថុប្រណីតៗមិនមែនជាសាច់ប្រាក់ ដែលត្រូវបានរឹបអូសពីករណីលាងលុយកង្វក់ធំបំផុតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។
ប៉ូលិសបានប្រគល់វត្ថុប្រណីតៗចំនួន ៤៦៦ និងមាស ៥៨ ដុំ ដែលរឹបអូសបានពាក់ព័ន្ធនឹងករណីលាងលុយកង្វក់ ដែលបានផ្ទុះឡើងកក្រើកកាលពី២ឆ្នាំមុន មានតម្លៃប្រមាណ៣ពាន់លានដុល្លារសិង្ហបុរី ឬជាង ២,៣ពាន់លានដុល្លារអាមេរិក។ សេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក The Straits Times បានឱ្យដឹងថា ក្នុងចំណោមវត្ថុប្រណីតៗទាំងនោះ ក៏រួមមានខ្សែកពេជ្រ នាឡិកាដៃជាង១០គ្រឿងពីម៉ាកល្បីៗដូចជា Richard Mille និង Patek Philippe ជាដើម។ កាបូបយួរដៃជាច្រើនក៏ត្រូវបានដាក់តាំងបង្ហាញអំឡុងពេលប្រគល់ជូនក្រុមហ៊ុន Deloitte ផងដែរ រួមទាំងកាបូបល្បីម៉ាក Hermes និង Louis Vuitton ជាដើម។ ចំណែកដុំមាសមានទម្ងន់ចាប់ពី ៩៩៩ក្រាម ទៅ ១គីឡូក្រាមក្នុង១ដុំៗ។
វត្ថុអស់ទាំងនោះស្ថិតក្នុងចំណោមទ្រព្យសម្បត្តិដែលរឹបអូសបានក្នុងប្រតិបត្តិការប្រឆាំងការលាងលុយកង្វក់ ដែលបានឃើញជនបរទេស១០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងការវាយឆ្មក់ជាច្រើននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ហើយជនសង្ស័យ១៧នាក់ផ្សេងទៀតបានភៀសខ្លួនចេញពីប្រទេសសិង្ហបុរី ចំពេលមានការស៊ើបអង្កេតដ៏ខ្លាំងក្លា។
ប៉ូលិសក៏បានបន្ថែមទៀតថា ពួកគេនឹងបន្តផ្ទេរទ្រព្យសម្បត្តិ ឬវត្ថុប្រណីតៗ នៅសេសសល់ទាំងអស់ ដែលមិនមែនជាសាច់ប្រាក់ទៅឱ្យក្រុមហ៊ុន Deloitte ដើម្បីគ្រប់គ្រង និងដាក់ដេញថ្លៃ។ សរុបមក ប៉ូលិសបានរឹបអូស ឬគ្រប់គ្រងទ្រព្យសម្បត្តិ ឬវត្ថុប្រណីតដែលមិនមែនជាសាច់ប្រាក់មានតម្លៃជាង ៩៧៦លានដុល្លារអាមេរិក រួមមានរថយន្ត អចលនទ្រព្យ វត្ថុសិល្បៈ នាឡិកាដៃ គ្រឿងអលង្ការ ដុំមាស កាបូប និងស្រា។
ប្រាក់បានពីការលក់នេះ រដ្ឋាភិបាលសិង្ហបុរីនឹងបង់ចូលទៅក្នុងមូលនិធិរួម ដែលស្រដៀងទៅនឹងគណនីធនាគារដែលកាន់កាប់ដោយរដ្ឋាភិបាល សម្រាប់ទូទាត់លើការចំណាយរបស់រដ្ឋាភិបាលត្រូវបានធ្វើឡើង។
សូមជម្រាបថា ចាប់តាំងពីរឿងអាស្រូវលាងលុយកង្វក់បានផ្ទុះឡើង រដ្ឋាភិបាលសិង្ហបុរីបានចាត់វិធានការកំណត់ផលប៉ះពាល់ រួមទាំងការផាកពិន័យធនាគារធំៗមួយចំនួនរបស់ពិភពលោកក្នុងប្រទេសរបស់ខ្លួន សម្រាប់ការប្រព្រឹត្តិខុសដែលពាក់ព័ន្ធ ក៏ដូចជាការកាត់ទោសធនាគារឯកជនដែលត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធ និងសំណើដកហូតសិទ្ធិគ្រប់គ្រងសាជីវកម្មរបស់ពួកគេពីបុគ្គលលាងលុយ។ រដ្ឋាភិបាលសិង្ហបុរីក៏កំពុងស៊ើបអង្កេតក្រុមហ៊ុនច្បាប់ដែលជាប់ពាក់ព័ន្ធផងដែរ៕ ប្រភព ៖ The Straits Times និង Bloomberg

ចែករំលែកព័តមាននេះ