បណ្តាប្រមុខភ្នាក់ងារស៊ើបការណ៍អាមេរិកពេលធ្វើសវនកម្មនៅព្រឹទ្ធសភាថ្លែងកាលពីថ្ងៃទី២៩ មករាថា ជនបរទេសជាង៧.០០០នាក់បានរួមប្រយុទ្ធក្នុងជួរពួកឧទ្ទាមនៅស៊ីរី រួចក្នុងចំណោមពួកអ្នកទាំងនោះមួយចំនួនទទួលការបណ្តុះបណ្តាលនៅទីនោះដើម្បីមកប្រព្រឹត្តការវាយប្រហារភេរវកម្មនានានៅប្រទេសកំណើតរបស់ពួកគេ តួលេខមុននេះពីពួកអ្នកស្ម័គ្រចិត្តបរទេសទៅជួយចូលរួមច្បាំងរួមជាមួយពួកឧទ្ទាមស៊ីរីថា មានរវាងពី៣.០០០ទៅ៤.០០០នាក់ ។
លោក JAMES CLAPPER នាយកនៃភ្នាក់ងារសើុបការណ៍ជាតិនៅមុខគណៈកម្មការព្រឹទ្ធសភា ទទួលបន្ទុកបញ្ហាស៊ើបការណ៍ថ្លែងថា សម្រាប់ពេលនេះយើងវាយតម្លៃថា យុទ្ធជនបរទេសទៅជួយច្បាំងពួកឧទ្ទាមស៊ីរីមានជាង៧.០០០នាក់មកពីប្រទេសប្រមាណជា៥០ ក្នុងនោះមួយចំនួនមកពីបណ្តាប្រទេសអឺរុ៉ប និងមជ្ឈឹមបូព៌ា ។ លោកបន្តថា នោះជាការព្រួយបារម្ភយ៉ាងធំមួយ ពុំមែនត្រឹមតែសម្រាប់យើងឡើយ ក៏បុ៉ន្តែបណ្តាប្រទេសកំណើតរបស់ពួកយុទ្ធជនទាំងនោះផងដែរ ។
យោងតាមលោក JAMES CLAPPER ថា ជំរំហ្វឹកហ្វឺននានាត្រូវបានបង្កើតនៅប្រទេសស៊ីរីសម្រាប់ពួកអ្នកស្ម័គ្រចិត្តបរទេសទាំងនោះ ហើយជនសកម្មប្រយុទ្ធជីហាដមួយចំនួន ពិសេសពួកជីហាដនៃក្រុមរណសិរ្សអាល់នូស្ត្រា FRONT AL NOSRA ពុំបានលាក់លៀមឡើយពីបំណងរបស់ពួកគេធ្វើការវាយប្រហារភេរវកម្មនានាប្រឆាំងបណ្តាផលប្រយោជន៍អាមេរិក ។ ចាប់តាំងពី១ឆ្នាំកន្លះមកហើយគេដឹងថា ពួកជីហាដនិយមអុីរ៉ាក់ ទុយនីស៊ី លីបង់ បារាំង អេស្ប៉ាញ បែលហ្ស៊ិក អៀរឡង់ ។ល។ បានទៅកាន់ស៊ីរីជួយច្បាំងពួកឧទ្ទាម។
រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក MANUEL VALLS កាលពីថ្ងៃទី១៩ មករា កន្លងមកនេះថ្លែងថា ការហូរចូលនៃពួកជីហាដនិយមបារាំង ទៅកាន់ស៊ីរី ជារឿងមួយគួរឱ្យព្រួយបារម្ភខ្លាំងបំផុត ។ យើងជាពលរដ្ឋបារាំង និងអឺរុ៉បអាចរងផលវិបាកដោយសារបាតុភូតនេះ ។ យោងតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំងថា មានជនជាតិបារាំងជិត៧០០នាក់បានចូលរួមក្នុងសង្គ្រាមនៅស៊ីរី ដោយក្នុងនោះ២១នាក់បានត្រូវស្លាប់ ។ ក្នុងចំណោមជនជាតិបារាំងដែលទៅប្រយុទ្ធនៅស៊ីរី មានក្មេងជំទង់ប្រមាណជា១២នាក់ ។
ចំណែកនាយករដ្ឋមន្ត្រីអុីរ៉ាក់លោកនូវី អាល់ម៉ាលីគី វិញថ្លែងកាលពីថ្ងៃទី២៩ មករាថា ជួយផ្តល់អាវុធដល់ពួកឧទ្ទាមនៅស៊ីរី វាដូចជាការបញ្ជូនអាវុធឱ្យដល់ពួកភេរវករនៅអុីរ៉ាក់ដែរ ។ ក្នុងសុន្ទរកថាតាមទូរទស្សន៍មួយលោកម៉ាលីគី ថ្លែងថា សហគមន៍អន្តរជាតិត្រូវទទួលខុសត្រូវជួយទ្រទ្រង់យើង និងជួយបណ្តាអ្នកដែលឈរតតាំងប្រឆាំងភេរវកម្ម ។ អនុញ្ញាតឱ្យអាវុធទាំងឡាយធ្លាក់ក្នុងដៃបណ្តាអង្គការភេរវកម្ម និងពួកជ្រុលនិយមនៅស៊ីរីមានន័យជួយទ្រទ្រង់ដល់ភេរវកម្មនៅអុីរ៉ាក់ ។ អាវុធចាប់ផ្តើមហូរចូលអុីរ៉ាក់ពីប្រទេសស៊ីរីមក ។ កាលពី៥ថ្ងៃមុននេះកងកម្លាំងសន្តិសុខអុីរ៉ាក់បានរកឃើញក្បួនរថយន្តដឹកអាវុធមួយមានរថយន្ត១៥គ្រឿងធ្វើដំណើរពីស៊ីរីមកកាន់អុីរ៉ាក់ ។
សេចក្តីថ្លែងការណ៍នេះរបស់លោកម៉ាលីគី ធ្វើឡើងខណៈកងកម្លាំងសន្តិសុខអុីរ៉ាក់ និងបណ្តាកងជីវពលជាសម្ព័ន្ធមិត្តកំពុងប្រយុទ្ធតតាំងជាមួយកុលសម្ព័ន្ធស៊ុននីតប្រឆាំងរដ្ឋាភិបាល និងពួកជនប្រដាប់អាវុធសង្ស័យមានទំនាក់ទំនងជាមួយអាល់កៃដានៅទីក្រុងរ៉ាម៉ាឌី ទីប្រជុំជនខេត្តអានបា ព្រមទាំងតំបន់ជុំវិញទីក្រុងនេះ និងនៅទីក្រុងហ្វាល់លូចា ៕
ចែករំលែកព័តមាននេះ