យោងតាមគេហទំព័របច្ចេកវិទ្យាចេញផ្សាយកាលពីថ្ងៃទី២៦ មករា ឆ្នាំ២០១៤ ឱ្យដឹងថា ក្រុមហ៊ុន Samsung និង Google បានព្រមព្រៀងគ្នាលើកិច្ចសន្យាដ៏យូរអង្វែងមួយ ។ Samsung និង Google ត្រូវបានគេទទួលស្គាល់ថា ជាកំពូលក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំផ្នែកទូរស័ព្ទ និងប្រព័ន្ធប្រតិបត្តិការ ហើយក្រុមហ៊ុនទាំង២នេះ ក៏ជាដៃគូប្រកួតប្រជែងគ្នាយ៉ាងសស្រាក់សស្រាំក្នុងជម្លោះប៉ាតង់កាលពីពេល ថ្មីៗកន្លងមក ។ ទោះជាយ៉ាងណាក៏ដោយ ក្រុម ហ៊ុនទាំង២បាន សម្រេចចិត្តសហការគ្នាដោយព្រមព្រៀងលើកិច្ចសន្យារយៈពេល១០ឆ្នាំ លើប័ណ្ណប៉ាតង់ ។
លោក Seungho Ahn អគ្គនាយកប្រចាំស្ថាប័ន Intellectual Property Center របស់ក្រុមហ៊ុន Samsung និយាយថា «ចំណងមេត្រីភាពជាមួយក្រុមហ៊ុន Google នឹងផ្តល់សារសំខាន់ចំពោះឧហ្សាហកម្មបច្ចេកវិទ្យា» ។ ចំណែកឯលោក Allen Lo អគ្គនាយករងក្រុមប្រឹក្សាទូទៅទទួលបន្ទុកប័ណ្ណប៉ាតង់របស់ក្រុមហ៊ុន Google និយាយថា៖ «យើងសប្បាយចិត្តដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Samsung» ។
កិច្ចព្រមព្រៀងមួយនេះ ក្រុមហ៊ុនដទៃទៀត ក៏ដូចជាអតិថិជនគ្រប់ស្រទាប់វណ្ណៈយល់ឃើញថា វាគឺជាការបោះជំហានវិជ្ជមានមួយ ឆ្ពោះទៅរកសន្តិភាពក្នុងការប្រកួតប្រជែង ការផលិត និងទំនោរពាណិជ្ជកម្ម មិនត្រឹមតែប៉ុណ្ណោះ វាបង្ហាញពីសក្តានុពលដ៏រឹងមាំរវាងក្រុមហ៊ុនទាំង២ ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជនផ្នែកឧបករណ៍អេទ្បិចត្រូនិក ។
ពិធីចុះកិច្ចព្រមព្រៀងនេះ នឹងរក្សាគម្លាតបានយ៉ាងល្អបំផុតចំពោះក្រុមហ៊ុនទាំង២ ក្នុងការគ្រប់គ្រងលើផលិតផល នីមួយៗដោយមិនមានការចោទប្រកាន់លើប័ណ្ណប៉ាតង់ ឬកេងបន្លំលើបញ្ហាណាមួយទ្បើយ ៕
ចែករំលែកព័តមាននេះ