រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានទូរទស្សន៍បាយ័ន ឈ្មោះ សុខា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-9359 បើកបរដោយបុរសម្នាក់ជាអណិកជនខ្មែរនៅអាមេរិក ជិះរត់ពីការដេញបាញ់របស់រថយន្តហាយឡេនឌ័រ ពណ៌ស ១គ្រឿងទៀត ក៏បណ្តាលឲ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះម៉ាកឌ្រីម ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-7275 តែម្តង។
ហេតុការណ៍ដេញបាញ់បង្កជាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០នាទី យប់ថ្ងៃទី២៩ មករា ២០១៤ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១៦៣ ហើយរថយន្តបង្កបានបើកអូសម៉ូតូរហូតមកដល់ផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ទើបសមត្ថកិច្ចធ្វើការឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្តឡិចស៊ីស ១គ្រឿង ដែលបើកតាមរថយន្តបង្ក បានឲ្យដឹងថា គាត់បានឃើញរថយន្តហាយឡេនឌ័រ ១គ្រឿង ពណ៌ទឹកប្រាក់ បើកអូសម៉ូតូឌ្រីម ១គ្រឿង មិនដឹងជាបង្កគ្រោះថ្នាក់តាំងពីណាមកឡើយ ខណៈដែលមានរថយន្តហាយឡេនឌ័រ ពណ៌ស ១គ្រឿងទៀត បានដេញបាញ់ប្រហារពីក្រោយ ឃើញដូច្នេះគាត់ក៏ជិះតាមមករហូត លុះមកដល់សង្កាត់ផ្សារដេប៉ូទី១ សមត្ថកិច្ចឃាត់រថយន្តបង្កបាន និងអ្នកបើកបរជាអណិកជន ចំណែករថយន្តហាយឡេនឌ័រ ពណ៌ស ដែលដេញបាញ់គេនោះ បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកំពុងធ្វើការត្រួតពិនិត្យ និងសាកសួរពាក់ព័ន្ធនឹងករណីខាងលើ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕
ចែករំលែកព័តមាននេះ