ប្រទេសវេណេស៊ុយអេឡា ៖ យោងតាមរូបភាពទាំងឡាយចេញផ្សាយតាមបណ្ដាញសង្គម បង្ហាញរដ្ឋធានីការ៉ាកាស់និងតំបន់ជាច្រើនរបស់វេណេស៊ុយអេឡា ស្ថិតក្នុងភាពងងឹត កាលពីយប់ថ្ងៃទី២២កក្កដា ដោយសារការដាច់ភ្លើងធំថ្មី។
ការដាច់ភ្លើងចាប់ផ្ដើមដំបូងនៅក្រុងការ៉ាកាស់នាវេលាម៉ោង២០និង៤១នាទីម៉ោងសកល ហើយប៉ះពាល់ម្យ៉ាងទៀតដល់ការផ្គត់ផ្គង់ទឹកសេវាកម្មដឹកជញ្ជូនសាធារណៈ និងដាច់ទំនាក់ទំនងតាមទូរស័ព្ទ។ នៅតាមខេត្តការដាច់ភ្លើងប៉ះពាល់ដល់រដ្ឋពាក់កណ្ដាលក្នុងចំណោមរដ្ឋទាំង២៣របស់វេណេស៊ុយអេឡា។ ភ្លើងសញ្ញាចរាចរណ៍ក៏ដាច់ដែរនៅក្រុងការ៉ាកាស់នាថ្ងៃទី២២កក្កដានោះ នាំឲ្យមានការកកស្ទះចរាចរណ៍។ ក្រុមហ៊ុនផលិតអគ្គិសនីជាតិCORPOELEC គ្រាន់តែអះអាងថា ការដាច់អគ្គិសនីប៉ះពាល់ដល់តំបន់ជាច្រើននៃរដ្ឋធានី។
ការដាច់ភ្លើងនោះកើតមានពេលកំពុងមានភាពតានតឹងខ្លាំងខាងការទូតជាមួយអាមេរិក ដែលក្រុងការ៉ាកាស់ចោទប្រកាន់ កាលពីថ្ងៃទី២២កក្កដាថា រំលោភបំពានដែនអាកាសរបស់ខ្លួនជាមួយយន្តហោះចារកម្មមួយគ្រឿង។ មុននេះបណ្ដាអ្នកទទួលខុសត្រូវយោធាអាមេរិក បានបរិហារពីប្រការដែល យន្តហោះប្រយុទ្ធ១គ្រឿងរបស់វេណេស៊ុយអេឡាធុនSU-30 កាលពីថ្ងៃទី១៩កក្កដា បានហោះឆាបយ៉ាងប្រផិតប្រផើយក្បែរយន្តហោះអាមេរិក១គ្រឿងពីលើសមុទ្រការ៉ាអុីប៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ