ប្រធានផ្នែកគយនៃប្រទេសអាស៊ីអាគ្នេយ៍បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រ នេះថាកម្ពុជាកំពុងធ្វើការស៊ើបអង្កេតលើក្រុមហ៊ុនចិនក្នុងស្រុក សម្រាប់ការនាំចូលកាកសំណល់ផ្លាស្ទិកខុស
ច្បាប់ចំនួន ១៦០០ តោនពីអាមេរិក និងកាណាដា។
ប្រជាជាតិអាស៊ីអាគ្នេយ៍បានចូលជាទិសដៅកំពូលសម្រាប់ការនាំចេញសំរាមពីប្រទេសលោកខាងលិច បន្ទាប់ពីប្រទេសចិនបានដាក់បម្រាមមួយលើការនាំចូលកាកសំណល់នៅក្នុងឆ្នាំ ២០១៨ ដែលបានបង្អាក់នូវលំហូរប្លាស្ទិកជាង ៧ លានតោន ក្នុងមួយឆ្នាំ។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា បានប្រាប់រ៉យទ័រថាក្រុមហ៊ុនចិនដែលមានមូលដ្ឋាននៅកម្ពុជាបាននាំចូលកាកសំណល់ដែលបានរកឃើញនៅក្នុងកុងតឺន័រដឹកទំនិញចំនួន ៨៣ ទូ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅសប្តាហ៍នេះ។
លោក ញឺម បានប្រាប់រ៉យទ័រថា៖ «វានឹងមានការផាកពិន័យ អាស្រ័យលើច្បាប់របស់យើង ហើយក្រុមហ៊ុនអាចប្រឈមនឹងការបញ្ឈប់ ប្រសិនបើរកឃើញថាបានប្រព្រឹត្តបទល្មើស»។ លោកបានកំណត់អត្តសញ្ញាណក្រុមហ៊ុននេះថាជាក្រុមហ៊ុន “Chingyuen” ប៉ុន្តែរ៉យទ័រមិនអាចទាក់ទងទៅឈ្មោះក្រុមហ៊ុននោះបានទេ។
កាលពីថ្ងៃពុធអាជ្ញាធរកម្ពុជាបាននិយាយថាពួកគេនឹងបញ្ជូនកាកសំណល់ត្រឡប់ទៅប្រទេសដើមវិញ គឺសហរដ្ឋអាមេរិក និងកាណាដា។ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញបាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍នេះ។
អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិក លោកស្រី Emily Zeeberg បានប្រាប់រ៉យទ័រថា៖ «យើងបានស្នើសុំព័ត៌មានបន្ថែម ហើយកំពុងផ្តល់ជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីកំណត់ទាំងអ្នកនាំចេញ (ប្រទេសដើមដែលនាំចេញសំរាម) និងប្រទេសនាំចូលនៅកម្ពុជា។ ស្ថានទូតកាណាដានៅភ្នំពេញមិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំពីរ៉យទ័រ ដើម្បីសុំការបំភ្លឺឡើយ។
លោក ញឹម បាននិយាយថាកុងត៍ន័រទាំងនោះបានមកដល់ក្នុងមួយរយៈពេលហើយ ចាប់តាំងពីខែតុលា ឆ្នាំ ២០១៨។ ចំណែកលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៃប្រទេសកម្ពុជា បានឱ្យដឹងថា ពួកគេត្រូវបានគេដាក់ស្លាកថាជា “ផលិតផលកែច្នៃ”។
លោក ភក្ត្រា បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យនាំចូលកាកសំណល់ប្លាស្ទិក ដើម្បីកែច្នៃមកក្នុងប្រទេសកម្ពុជាទេ»។ «កម្ពុជាមិនមែនជាធុងសំរាមទេ»។
កប៉ាល់ដែលផ្ទុកនូវកុងតឺន៍័រចំនួន ៦៩ ទូ ត្រូវបានដាក់ស្លាកជាប្លាស្ទិក ពីប្រទេសហ្វីលីពីន ដែលបានត្រឡប់ទៅប្រទេសកាណាដាវិញកាលពីខែមុន ដោយបិទនូវជំពូកមួយស្តីពីជម្លោះដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៣ និងបានបង្កឱ្យមានការទាស់ទែងគ្នាផ្នែកការទូតរវាងទីក្រុងអូតាវ៉ា និងទីក្រុងម៉ានីលទៀតផង៕
ចុចអាន ៖ សំរាមប្លាស្ទិក1600តោន នាំចូលពីអាមេរិក និងកាណាដា
ប្រភព ៖ reuters , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ