រាជធានីភ្នំពេញ ៖ ទីបំផុត អ្នកនាំពាក្យក្រសួងបរិស្ថានបានឆ្លើយតបនឹងបញ្ហាក្តៅគគុក ជុំវិញការលួចនាំចូលកាកសំណល់សំរាមប្លាស្ទិកចូលទឹកដីកម្ពុជាប្រមាណ៨៣កុងតឺន័រ ដែលជាចំនួនដ៏ច្រើនមួយមានទម្ងន់ដល់ទៅ១៦០០តោន ។

នៅរសៀលថ្ងៃទី១៧ កក្កដា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា កាកសំណល់ខុសច្បាប់ទាំងនេះ មានប្រភពនាំចូលពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា និងត្រៀមឲ្យបញ្ជូនទៅកាន់ប្រទេសដើមវិញ ។ ប៉ុន្តែលោកមិនបានបរិយាយលម្អិតពីការនាំចូលដោយវិធីណាហើយនរណាជាអ្នកទទួលខុសត្រូវនោះទេ ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់យ៉ាងដូច្នេះថា «តាមទិន្នន័យបឋមដែលទទួលបានពីសមត្ថកិច្ចស៊ើបអង្កេត សំណល់សំរាមប្លាស្ទិកទាំង៨៣កុងតឺន័រ ដែលជាទំនិញហាមឃាត់ ត្រូវបានសមត្ថកិច្ច បង្ក្រាបបាននៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ មានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មានទម្ងន់ប្រមាណ១៦០០តោន ។ សមត្ថកិច្ចកំពុងរៀបចំដំណើរការនីតិវិធី ដើម្បីបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុន ដែលនាំចូលមកនោះតាមច្បាប់ជាធរមាន» ។

លោកក៏បានឱ្យដឹងដែរថា សមត្ថកិច្ចជំនាញ បាននិងកំពុងបន្តការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការនាំចូលសំណល់ប្លាស្ទិកនេះ ដែលជាទំនិញត្រូវហាមឃាត់ មកកាន់ប្រទេសកម្ពុជា ។
សមត្ថកិច្ចក៏បាននិងកំពុងស៊ើបអង្កេតស្វែងរកក្រុមហ៊ុន ដែលលួចនាំចូលនូវសំណល់ប្លាស្ទិកនេះដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសកម្មមួយរូបរបស់ក្រសួងបរិស្ថាន ។ លោកបន្ថែមថា ការលួចនាំចូលទំនិញហាមឃាត់សំណល់ប្លាស្ទិកត្រូវបានគេក្លែងឈ្មោះទំនិញដោយដាក់ថា ជា«ផលិតផលសម្រាប់កែច្នៃឡើងវិញ» ដោយមិនបានបញ្ជាក់ថាជា «សំណល់ប្លាស្ទិក» ឡើយ ។

តាមប្រសាសន៍លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកជាផ្លូវការថា កុងតឺន័រចំនួន៨៣ ដែលមានផ្ទុកកាកសំណល់សំរាមប្លាស្ទិកដែលនាំចូលពីក្រៅប្រទេស ត្រូវកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបើកប្រតិបត្តិការត្រួតពិនិត្យនៅកំពង់ផែខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ កក្កដា ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចគាស់ទូរកុងតឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង ។
ការគាស់ទូកុងតឺន័រនោះមានការដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់លោក គួច ចំរើន អភិបាលនៃគណៈខេត្តព្រះសីហនុ និង លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុផងដែរ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជាច្រើនលើករួចមកហើយថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតជាដាច់ខាត ចំពោះការនាំចូលកាកសំណល់
ប្លាស្ទិកមកកែច្នៃនៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ជនបរទេស យកកាកសំណល់មកបោះចោលនោះទេ ។
លោក នេត្រ ភត្រា ក៏បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតជាដាច់ខាតក្នុងការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃ ក៏ដូចជាសំណល់ផ្សេងៗទៀត ហើយកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិជ្ជាហួសសម័យនោះទេ ។ លោកបញ្ជាក់ថា រដ្ឋាភិបាលជំទាស់ជានិច្ចនូវការនាំចូលកាកសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃគ្រប់ប្រភេទនៅកម្ពុជា ។

ការប្រទះឃើញសំរាមក្នុងកុងតឺន័ររហូតដល់ជាង៨០កុងតឺន័រនេះ ក៏បានធ្វើឱ្យមានការនឹកឃើញកាលពីឆ្នាំ១៩៩៨ ដែលមានការរកឃើញកាកសំណល់ផ្ទុកសារធាតុបរមាណូ ជិត៣ពាន់តោន បានដឹកតាមនាវារបស់ក្រុមហ៊ុនចិនតៃវ៉ាន់មួយមកចាក់ចោលនៅក្រុងព្រះសីហនុអស់រយៈពេលជាច្រើនខែ ទើបសម្រេចដឹកជញ្ជូនចេញត្រឡប់ទៅប្រទេសដើមវិញ ។
លោក នេត្រ ភក្ត្រា ត្រូវបានដកស្រង់ប្រសាសន៍ដោយវិទ្យុជាខេមរភាសា(បារាំងអន្តរជាតិ)ថា សំរាមចំនួន៨៣កុងតឺន័រ ដែលចាប់បាននៅកំពង់ផែក្រុងព្រះសីហនុនោះ គឺជាប្រភេទថង់ប្លាស្ទិក ។ ថង់ប្លាស្ទិកប្រសិនគេយកវាទៅដុតចោលនឹងធ្វើឱ្យមានផ្សែងពុលប៉ះពាល់ដល់បរិស្ថាន ហើយប្រសិនបើយកវាទៅកប់ចោលនឹងធ្វើឱ្យប៉ះពាល់គុណភាពដី និងទឹក ។

នេះជាការពន្យល់បន្ថែមរបស់អ្នកនាំពាក្យរូបនេះ។ ជាមួយគ្នានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា កាកសំណល់ប្លាស្ទិកគឺជាមុខទំនិញហាមចូលកម្ពុជា ប៉ុន្តែកម្ពុជាលើកទឹកចិត្តឲ្យមានការកែច្នៃកាកសំណល់ប្លាស្ទិក ដែលប្រើប្រាស់នៅក្នុងស្រុក។
កាលពីខែឧសភា ប្រទេសជាង១៨០ បានព្រមព្រៀងគ្នាធ្វើវិសោធនកម្ម យន្តការច្បាប់ដើម្បីចាត់ចែងសំរាមប្លាស្ទិក ។ ចិនដែលគេធ្លាប់ស្គាល់ថា ជាទិសដៅនាំចូលសំរាមបា្លស្ទិកសម្រាប់កែច្នៃឡើងវិញ លំដាប់លេខមួយ បានបញ្ឈប់ការនាំចូលសំរាមប្លាស្ទិក តាំងពីដើមឆ្នាំ២០១៨ ហើយពេលនេះ សំរាមប្លាស្ទិករបស់ប្រទេសជឿនលឿន (អាមេរិក និងកាណាដា ជាដើម) បានតម្រង់ទិសមកអាស៊ីអាគ្នេយ៍ ជាពិសេសម៉ាឡេស៊ី ។

សម្រាប់កម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០១៥ ក៏ចាប់បានសំរាមកន្ទុយបារី៨០តោន ដែលនាំចូលដោយក្រុមហ៊ុនមួយ ក្រោមលេសយកមកធ្វើជីកសិកម្ម ។ ចំណែកការចាប់បានសំរាមថង់ប្លាស្ទិកចំនួន៨៣កុងតឺ
ន័រកាលពីថ្ងៃទី១៦ ខែកក្កដានេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា ជាដាច់ខាត ។
កាលពីពេលថ្មីៗនេះរលកកម្តៅដោយសារសំរាមនេះបានដុតបញ្ឆេះកំហឹងប្រធានាធិបតីហ្វ៊ីលីពីន ចំពោះការលួចនាំចូលសំរាមប្លាស្ទិក កាលពីឆ្នាំ២០១៣ ដល់២០១៤ ពីប្រទេសកាណាដា ចំនួន៦៩កុងតឺន័រ ។ ដោយសារប្រតិកម្មសំរាមនោះត្រូវបានដឹកទៅប្រទេសកាណាដាវិញ ៕
ចែករំលែកព័តមាននេះ