ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនគរបាលខំស្ទាក់សួរ​ បែរជា​ស្រែកច្រឡោតមិនទទួលស្គាល់កំហុស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​​ម៉ូតូ​ស៊ី​រ៉ែ​ន​មួយគ្រឿង​របស់​​មន្ត្រីនគរបាលផ្លូវគោក​ម្នាក់ លុះពេលមន្ត្រីនគរបាលបើកម៉ូតូស៊ីរ៉ែនស្ទាក់ឃាត់ដើម្បីសួរនាំ បែរជា​បុរសជាអ្នកបើកបរ​រថយន្ត​ស្រែកច្រឡោត​មិនទទួលស្គាល់​កំហុសរបស់ខ្លួន ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​​ម៉ូតូ​ស៊ី​រ៉ែ​ន​មួយគ្រឿង​របស់​​មន្ត្រីនគរបាលផ្លូវគោក​ម្នាក់ លុះពេលមន្ត្រីនគរបាលបើកម៉ូតូស៊ីរ៉ែនស្ទាក់ឃាត់ដើម្បីសួរនាំ បែរជា​បុរសជាអ្នកបើកបរ​រថយន្ត​ស្រែកច្រឡោត​មិនទទួលស្គាល់​កំហុសរបស់ខ្លួន ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​ ​នៅ​​ចំណុច​ក្បែរ​បុរី​ប៉េង​ហួត ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ កែង​និង​ផ្លូវ​១៩៦៦ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក ។

ភាគី​ខាង​មន្ត្រី​នគរបាល​ផ្លូវគោក​​ម្នាក់ មិនស្គាល់អត្តសញ្ញាណ ​ជាអ្នកបើកបរ​​ម៉ូតូ​ស៊ី​​រ៉ែ​ន​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​​គី ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល​ 1-8519 ។ ចំណែកភាគី​ខាង​​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ទៀត ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ​ ២W-២៦៤១ ​បើកបរ​ដោយ​បុរស​ម្នាក់​មិនស្គាល់​អត្តសញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​មន្ត្រី​នគរបាល​ផ្លូវគោក​បើកបរ​ម៉ូតូ​ស៊ី​រ៉ែ​ន​មួយ​គ្រឿង​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុខាងលើ​ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ទៀត បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បាន​បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​លឿន​។ ខណៈ​​នោះ​ដោយ​សារ​អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ចង្កូត​ទៅ​កៀរ​​ម៉ូតូ​ស៊ីរ៉ែ​ន​របស់​​មន្ត្រីនគរបាល​ខាងលើ​។

តាមប្រភពដដែលបានបន្ត​ថា ក្នុងហេតុការណ៍នោះដែរ មិន​បណ្ដាល​ឲ្យ​ម៉ូតូ​របស់​​មន្ត្រីនគរបាល​​ដួល​នោះ​ទេ គឺ​គ្រាន់តែ​រង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​។ បន្ទាប់​មក​មន្ត្រីនគរបាលខាងលើ​ក៏​បាន​បើក​ម៉ូតូ​ទៅ​ស្ទាក់​រថយន្ត​បង្ក​អោយ​ឈប់​ដើម្បី​ធ្វើការ​សួរ​នាំ​ដែរ​ ប៉ុន្តែ​បុរស​ជា​អ្នកបើកបរ​រថយន្ត​​បាន​​ចុះ​ពីលើ​រថយន្ត បែរជា​ស្រែក​ច្រឡោត​មិន​ព្រម​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ទាល់តែ​សោះ បង្ក​អោយ​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផងដែរ​។

ក្រោយ​ពេល​ពេល​កើតហេតុ​ ដោយសារ​​បុរស​ជា​អ្នកបើកបរ​រថយន្ត​មាន​ស្ថានភាព​ស្រវឹង និង​មិន​អាច​ធ្វើការ​ដោះស្រាយ​គ្នា​បាន ទើប​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ រួម​ទាំង​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ