រ៉ឺម៉កខំគេចពីឡាន២ជែងគ្នា…ធ្លាក់​លោក​យាយស្លាប់


ខេត្តកំពង់ឆ្នាំង ៖ តាម​សេចក្តី​រាយ​ការ​ណ៏​បឋម​បានឱ្យ​ដឹង​ថា លោកយាយ​ម្នាក់​បាន​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​តែ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នោះ​បើក​ធ្លាក់​ចេញ​ពីលើ​ផ្លូវ​ក្នុង​ពេល​គេច​ពី​រថយន្ត​២​គ្រឿង​កំពុង​ជែងគ្នា ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦-៩៧ ស្ថិត​នៅ​ក្នុងភូមិ​ផ្លូវ​វាយ ឃុំ​ស្វាយជ្រុំ​ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោកយាយ​ដែល​ស្លាប់​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ចំណែករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង​ខាងលើ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ​បានរត់គេចខ្លួនបាត់ ។

លោក សំ សុខា អធិការរង​នគរបាល​ស្រុក​រលាប្អៀរ ទទួល​ផ្នែក​ចរាចរណ៍ បាន​និយាយ​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការណ៍​​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿងខាងលើ​មាន​ដឹក​លោកយាយ​ជា​អ្នកជម្ងឺ​ម្នាក់ ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​ខាងលិច ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខាងលើ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​គេច​ពី​រថយន្ត​២​គ្រឿង​ដែល​បើក​វ៉ា​ជែង​គ្នា​ចូល​ចំណែក​ផ្លូវ​របស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នោះ បណ្ដាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​គេច​ពី​គ្រោះថ្នាក់​ធ្លាក់​ចេញ​ពីលើ​ផ្លូវជាតិ​ជ្រុល​ចង្កូត​ចូល​ទៅ​ក្នុង​ស្នាមភ្លោះ ធ្វើ​ឲ្យ​លោកយាយ​រង​គ្រោះ​ដែល​ជិះ​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នោះ​ផ្ងារ​ក្រោយ​ធ្លាក់​មក​ដី​រង​របួស​យ៉ាងធ្ងន់ធ្ង​រ ។ ចំណែក​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​រត់គេច​ខ្លួន​បាត់ ។

បន្ទាប់​ពី​កើតហេតុ ប្រជាពលរដ្ឋ​នាំ​គ្នា​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​លោកយាយ​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ដើម្បី​ជួយ​សង្គ្រោះ​ដែរ តែ​ជា​អកុសល​គាត់​បាន​ស្លាប់​ពេល​កំពុង​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ក្រោយ​ពេល​កើតហេតុ ក្រុម​អ្នក​សារព័ត៌​មានបាន​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​យក​ព័ត៌មាន​ដែរ តែ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា សព​លោកយាយ​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ខេត្តស្វាយរៀង​ដែល​ជា​ស្រុក​កំណើត​របស់​គាត់​បាត់​ទៅ​ហើយ​។ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលារ​ប្អៀ​រ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ