រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៥នាក់បានធ្វើសកម្មភាពចូលលួចម៉ូតូមួយគ្រឿងរបស់មន្ត្រីនគរបាលម្នាក់ដែលទើបមកពីល្បាត តែសំណាងល្អមន្ត្រីនគរបាលរងគ្រោះ និងមន្ត្រីនគរបាលផ្សេងទៀតដេញឃាត់បានជនសង្ស័យម្នាក់ភ្លាមៗផងដែរ ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យម្នាក់ខាងលើឈ្មោះ ខាន់ វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុក បាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ អឿន សារ៉ុម ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី២ រស់នៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១D-០៤៥០ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាមន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី២បានអោយដឹងថា នៅមុនពេលកើតហេតុ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២ខាងលើបានជិះម៉ូតូ២គ្រឿងចេញល្បាត មានគ្នា៤នាក់ លុះដល់វេលាម៉ោង១២រំលងអាធ្រាត្រ ជនរងគ្រោះនិងមន្ត្រីសមត្ថកិច្ចម្នាក់ទៀតបានជិះម៉ូតូមកដល់ប៉ុស្តិ៍មុន និងបានចូលបន្ទប់ទឹកដើម្បីងូតទឹក ក៏ស្រាប់តែមានក្រុមជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងចូលមកធ្វើសកម្មភាព ។
តាមប្រភពដដែលបានបន្តថា ដោយក្រុមជនសង្ស័យអោយបក្ខពួកម្នាក់ខាងលើចូលទៅលួចម៉ូតូ ដែលមន្ត្រីនគរបាលរងគ្រោះទុកនៅមុខប៉ុស្តិ៍ ហើយជនសង្ស័យបានបណ្តើរម៉ូតូចេញទៅបានប្រមាណ៥០០ម៉ែត្រ ទើបពេលមន្ត្រីនគរបាលរងគ្រោះចេញមកពីបន្ទប់ទឹកវិញមិនឃើញម៉ូតូ ក៏បានហៅកំលាំងនគបាល២នាក់ទៀតដេញឃាត់ជនសង្ស័យបានម្នាក់ភ្លាមៗផងដែរ ខណៈជនសង្ស័យម្នាក់នោះកំពុងបណ្តើរម៉ូតូ ព្រោះម៉ូតូនោះក៏មានកុងតាក់សំងាត់ ធ្វើឱ្យជនសង្ស័យជិះមិនកើត ដោយនឹកស្មានថាម៉ូតូអស់សាំង ចំណែកបក្ខពួកជនសង្ស័យ៤នាក់ទៀតបើកម៉ូតូគេចខ្លួនបាត់អស់។
ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ