កម្ពុជា ស្នើសាជាថ្មីទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC ក្នុងខែមេសានេះ
រាជធានីភ្នំពេញ ៖ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧…
រាជធានីភ្នំពេញ ៖ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧…
រាជធានីភ្នំពេញ ៖ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC នៅក្នុងខែមេសា នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប៉ុន្តែភាគីថៃ បានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំ នីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង ។
គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារ នៅលើដីជាក់ស្តែង ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ក្នុងខ្លឹមសារដូចខាងក្រោម ៖
១- ស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។
២- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារវាស់វែង និង បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោល ព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ស្របតាមការព្រមព្រៀងគ្នានាពេល កន្លងមក ។
៣- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។
៤- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), កំណាត់ខ្សែ ព្រំដែនចន្លោះបង្គោលព្រំដែនលេខ 14-17 (តំបន់អូរស្មាច់), តំបន់អានសេះ, តំបន់ថ្មដា និងតំបន់ព្រំដែនផ្សេងទៀត ស្របតាមស្មារតីនៃកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
៥- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
៦- ស្នើរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការ ទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ។
គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត ។
ទន្ទឹមនឹងនេះ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទី ដែលជាលទ្ធផល នៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបាន ឯកភាពគ្នានាពេលកន្លងមក ៕






ចែករំលែកព័តមាននេះ