ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​សមត្ថកិច្ច​ប្រើ​ជំនាញ​ឲ្យ​អស់​លទ្ធភាព សហការ​ជាមួយ​ពលរដ្ឋ បោសសម្អាត​បទល្មើស​ឆបោក​តាម​អន​ឡាញ​ឲ្យ​អស់

23 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ នៅ​តាម​ខណ្ឌ​ឱ្យ​អស់​លទ្ធភាព…

រាជធានីភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ នៅ​តាម​ខណ្ឌ​ឱ្យ​អស់​លទ្ធភាព ជាពិសេស សហការ​ជាមួយ​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​យ៉ាងណា​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ​ឱ្យ​អស់ពី​មូលដ្ឋាន ​រាជធានី​ភ្នំពេញ ​។

ការ​ណែនាំ​បែប​នេះ​របស់លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​ក្នុង​អង្គប្រជុំ ​ស្តី​ពី​វឌ្ឍនភាព​ការងារ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ​នា​រសៀល​ថ្ងៃ​ទី​០៧ មេ​សា ​២០២៦​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​ ។

លោក ឃួ​ង ស្រេង ​មាន​ប្រសាសន៍​ថា​ កិច្ចប្រជុំ​នេះ ធ្វើ​ឡើង ដើម្បី​ដកស្រង់​បទ​ពិសោធន៍ រក​ចំណុចខ្លាំង ចំណុចខ្សោយ ដែល​យើង​បាន​និង​កំពុង​អនុវត្ត សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​ គ្មាន​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)​ នៅ​ក្នុង​មូលដ្ឋាន​ទៀត​។​ បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា មិនមែន​អនុវត្ត​ត្រឹម​ខែមេសា​នេះ​ទេ គឺ​ត្រូវធ្វើ​រហូត​ និង​ជា​ប្រចាំ​។ ​ជឿ​ថា ១​ខែ ​ឬ​២​ខែ​ទៀត បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​អាចនឹង​អស់ពី​រាជធានី​ភ្នំពេញ​ ។

លោក ឃួ​ង ស្រេង បន្ត​ថា​ ខណ្ឌ​ទាំង​១៤ ​ត្រូវ​ដាក់​ផែនការ​ឱ្យ​បាន​ច្បាស់លាស់ ដោយ​សហការ​ជាមួយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជាពិសេស​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ បាន​ចូលរួម​សហការ​ជាមួយ​យើង​។ គ្មាន​កម្លាំង​អ្វី​ ខ្លាំង​ជាង​កម្លាំង​ប្រជាពលរដ្ឋ​ចូលរួម​នោះ​ទេ​។ ត្រូវ​ស៊ើបអង្កេត​រកទីតាំង​ Online Scams​។ ​​ដូច្នេះ​យើង​ត្រូវ​ប្រើប្រាស់​គ្រប់​ឱ្យ​អស់​មធ្យោបាយទាំង​ការ​ផាកពិន័យ ​និង​ការ​ដាក់​ទោស​ទៅ​លើ​ម្ចាស់​ទីតាំង​ជាដើម ដើម្បី​ឈាន​ទៅ​បោសសម្អាត បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​ឱ្យ​អស់ពី​រាជធានី​ភ្នំពេញ​ ។

ឧត្តមសេនីយ៍ ជួន ណា​រិ​ន អគ្គស្នងការ​រង ​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​យើង​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ដោយ​គិត​ពី​ថ្ងៃ​ទី​០៣ ​កុម្ភៈ​ មក​ដល់​ថ្ងៃ​ទី​០៧ មេ​សា​នេះ យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ បាន​ចំនួន​១,១៦៥​នាក់ ក្នុង​នោះ​យើង​បាន​បញ្ជូន​ទៅ​តុលាការ​ចំនួន​២២​ករណី ស្មើ​នឹង ​១៤០​នាក់ មាន​ខ្មែរ​ចំនួន​៥៩​នាក់ ដើម្បី​ដាក់ទោស​ទៅ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ