ការដាក់ឈ្មោះឱ្យកូនចៅជាពាក្យខ្មែរមានសំនៀងពីរោះនិងមានន័យប្រពៃថ្លៃថ្លាណាស់ បណ្ឌិតអ្នកប្រាជ្ញលោកបានពោលសរសើរមាតាបិតាទាំងឡាយដែលបានដាក់ឈ្មោះឱ្យកូនទៅតាមក្បួនតម្រាមើលតាមកម្លាំងថ្ងៃក៏ជួយលើករាសីកូនប្រុសស្រីឱ្យខ្ពស់ត្រដែត រស់នៅដោយសុខសាន្ត ។
តទៅនេះជាឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
តម្កល់- មនុស្សដែលគេលើកទ្រឡើង, គេគោរពសរសើរ, គេរាប់អាន ជាឈ្មោះកូនប្រុសពិតជាថ្លៃថ្នូរ ។
តម្កើង- មនុស្សដែលដល់ហើយនូវការគោរព ស្រឡាញ់រាប់អានអំពីអ្នកផងទាំងពួង ។
តរុណ- (តាក់រុណ) នៅក្មេង, នៅខ្ចី, ក្មេងប្រុសពេញជំទង់, បើស្រី តរុណី ស្រីក្រមុំតូច ។
តាន់- ជាប្រភេទមនុស្សដែលចេះតែកែតម្រូវរកសេចក្តីត្រូវ ជាប្រភេទមនុស្សម៉ត់ចត់នឹងការងារ ។
តារា- ហ្វូងផ្កាយ, អ្នកដែលមានពន្លឺជីវិត, អ្នកបរិបូណ៌ដោយសុភមង្គល ។
តុលា- អ្នកចេះថ្លឹងថ្លែងរកសេចក្តីត្រឹមត្រូវ មានយុត្តិធម៌បំផុត ។ ឪពុកម្តាយច្រើនដាក់ឈ្មោះនេះឱ្យកូនប្រុស ព្រោះយល់ថា គេនឹងជាមនុស្សសុចរិតយុត្តិធម៌ ។
តេជោ- អ្នកមានឫទ្ធិអំណាច មានតេជានុភាពច្រើន ជាឈ្មោះកូនប្រុសស្ថិតក្នុងត្រកូលអភិជន ។
ត្រកាល- មនុស្សដែលពេញចិត្តចំពោះការងារថ្មីៗ និងប្លែកៗ, ជាអ្នកចូលចិត្តនូវអ្វីដែលថ្មី ស័ក្តិសមនឹងឈ្មោះកូនប្រុសបំផុត ។
ចែករំលែកព័តមាននេះ