ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍ចាយលុយខ្ជះខ្ជាយកំពុងរាលដាលក្នុងសង្គម

5 ខែ មុន

ពិធី​អាពាហ៍ពិពាហ៍​ដែល​គូ​ស្វាមី​នានា​នៅ​សម័យនេះ បាន​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លារ គឺ​មិនមែន​ចំណាយ​ខ្ជះខ្ជាយ​នៅ​លើ​ពិធី​តាម​បែប​ប្រពៃណី និង​ក្បួនខ្នាត​បុរាណ​ដែល​ដូនតា​បន្សល់​ទុក​មក​នោះ​ទេ គឺ​មក​ពី​ការ​ចាយ​វា​.​យ​ផ្តេសផ្តាស​លើ​សេវាកម្ម​ផ្សេង​ៗ ។ លោក សឹង គា ម្ចាស់ផ្ទះ​ជ័យ​ភូមិ…

ពិធី​អាពាហ៍ពិពាហ៍​ដែល​គូ​ស្វាមី​នានា​នៅ​សម័យនេះ បាន​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លារ គឺ​មិនមែន​ចំណាយ​ខ្ជះខ្ជាយ​នៅ​លើ​ពិធី​តាម​បែប​ប្រពៃណី និង​ក្បួនខ្នាត​បុរាណ​ដែល​ដូនតា​បន្សល់​ទុក​មក​នោះ​ទេ គឺ​មក​ពី​ការ​ចាយ​វា​.​យ​ផ្តេសផ្តាស​លើ​សេវាកម្ម​ផ្សេង​ៗ ។

លោក សឹង គា ម្ចាស់ផ្ទះ​ជ័យ​ភូមិ និង​ជា​អ្នកជំនាញ​ផ្នែក​អរិយធម៌​ខ្មែរ បានអោយ​ដឹង​ថា ការ​រៀប​អាពាហ៍ពិពាហ៍ គឺ​កើត​មាន​តាំងពី​មាន​មនុស្ស​ពីរ​នាក់​ដំបូង​លើ​ផែនដី ដែល​មាន​ក្នុង​ក្បួន​ដែល​អ្នកប្រាជ្ញ មានការ​ផ្តាំផ្ញើ​ថា នៅ​ពេល​ដែល​ធ្លាក់​ខ្យល់​មក​ពី​ទិស​ខាងជើង​មាន​ក្រអូប​ក្លិន​ផ្កា មានការ​ផ្សំផ្គុំ​អោយ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ នេះ​ជា​ការ​រៀប​ការ​របស់​មនុស្ស​ទី​មួយ​នៅ​លើ​ផែនដី ។

លោក សឹង គា បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា ការ​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ​មាន​អត្រា​លែងលះ​តិច​ជាង​បណ្តា​ប្រទេស​នានា ដោយសារ​អាពាហ៍ពិពាហ៍​របស់​ខ្មែរ​មាន​អត្ថន័យ​ទូលំទូលាយ ហើយ​ពិធី​នីមួយ​ៗ គឺ​បង្កប់​នូវ​ការ​អប់រំ​ចិត្តសាស្ត្រ​គូ​ស្វាមីភរិយា​ថ្មី​ឲ្យ​ចេះ​ព្យាយាម​តស៊ូ​រស់នៅ​ជាមួយ​គ្នា ។ លោក សឹង គា បញ្ជាក់​ថា «​គិត​អោយ​មែនទែន​ទៅ បើ​ការ​តាម​ខ្មែរ គ្មាន​ចំណាយ​អី ទៅ​លើ​ពិធី​កម្ម ដែល​ត្រូវ​នោះ​ច្រើន​ទេ ដោយ​ត្រូវ​ចំណាយ​លើ​ក្រុង​ពាលី​បន្តិច​ទៅ លើ​កាត់សក់​បន្តិច​ទៅ បើ​ថា មាន​បុក​ល័ក្ខណ ក៏​ចំណាយ​បន្តិច​ថែម​ទៀត ប៉ុន្តែ​មិន​ដូច្នេះ​ទេ យើង​និយម​ចំណាយ​រាល់ថ្ងៃ​លើ​ធុងបាស់ ហើយ​បង្អួត​ស្រា និង​ម្ហូប ។ អាពាហ៍ពិពាហ៍​យើង​រាល់ថ្ងៃ ចំណាយ​លើ​ម្ហូប​ខ្លាច​គេ​ថា អន់ ថតរូប កាត់​នំ​ផ្តេសផ្តាស បើ​ពិធី​របស់​ខ្មែរ​យើង​គន្លឹះ​គ្មាន​ចំណាយ​ស្អី​ច្រើន​ផង​» ។

លោក ស៊ុ​យ កុសល ជា​យុវជន​មួយ​រូប​បានអោយ​ដឹង​ថា ការ​ចំណាយ​លើ​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន​របស់​គូ​ស្វាមីភរិយា​មិន​ចាត់​ទុក​ថា ជា​ការ​ចំណាយ​ខ្ជះខ្ជាយ​នោះ​ទេ ប្រសិនបើ​គ្រាន់តែ​ធ្វើ ដើម្បី​ក្តី​សុខ​សុភមង្គល​របស់​ខ្លួន ដែល​មិនមែន​ជា​ការ​បង្អួត​គ្នា​នោះ ឬ​ការ​ខ្ចី​ថវិកា​របស់​អ្នក​ដទៃ ។ លោក ស៊ុ​យ កុសល បន្ថែម​ថា «​ការ​ខ្ជះខ្ជាយ​ដោយសារ​តែ​ពួក​គាត់​ប្រើប្រាស់​ថវិកា​ទាំង​អស់នោះ ដើម្បី​ចង់​បង្អួត​ថា គាត់​ឡូយ ធ្វើ​អោយ​បាន​ច្រើន ហើយ​ទៅ​ខ្ចី​លុយ​អ្នក​ដទៃ ដើម្បី​ទៅ​រៀបចំ​កម្មវិធី​ទាំង​អស់នោះ​ខ្ញុំ​យល់​ឃើញ​ថា ទាំងនេះ​ជា​បញ្ហា ។ មែនទែន​ទៅ ការ​រៀប​ការ​គ្រាន់តែ​ការ​បំពេញ​សេចក្តីសុខ សុភមង្គល​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី ជា​ពិសេស​ចាស់ទុំ​បានដឹង​លឺ​» ។

លោក ស៊ុ​យ កុសល បន្ត​ថា យុវជន​មួយ​ចំនួន​ដែល​មិន​ទាន់​យល់​ពី​ការ​គ្រប់គ្រង​ហិ​រញ្ញា​វត្ថុ បន្ទុក​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​នោះ​ជា​បន្ទុក​របស់​អាណាព្យាបាល ជា​ជាង​យុវជន​មួយ​ចំនួន​ផ្សេង​ៗ​ទៀត ដែល​ចេះ​រៀបចំ​ផែនការ​ជីវិត​អាជីព​ការងារ និង​មុខរបរ​ច្បាស់លាស់ ។

លោក ស៊ុ​យ កុសល បន្ត​ថា «​ជា​រួមការ​រៀប​មង្គលការ​គ្រាន់តែ​ការ​ស្វែងរក​សេចក្តីសុខ​ឱកាស​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​គាត់​ចាប់​ដៃគូ​គ្នា ដោយ​អោយ​សាធារណៈជន​គាត់​បានដឹង​លឺ ជា​ពិសេស​អាណាព្យាបាល​ទាំង​សងខាង ហើយ​ធ្វើ​ទៅ​តាម​ប្រពៃណី​របស់​យើង​នោះ ទោះបីជា​លទ្ធភាព​របស់​គាត់​ធ្វើ​បាន​ប៉ុន្មាន មិន​សំខាន់​លើ​ធំ​ពេក តូច​ពេក សំខាន់​អោយ​ពួក​គាត់​យល់​ពី​ខ្លឹមសារ​នៃ​ការ​រៀប​ការ​បែប​នោះ ខ្ញុំ​យល់​ថា វា​មិន​ខុស​នោះ​ទេ ចំណែក​មួយ​បែប​ទៀត ដែល​មិន​ត្រឹមត្រូវ​នោះ គឺ​រៀប​ការ​មិនមែន​គ្រាន់តែ​ដើម្បី​សុភមង្គល​ដៃគូ​ចង់បាន​របស់​គូ​ស្វាមីភរិយា​ទេ ប៉ុន្តែ​គាត់​ធ្វើ​ដើម្បី​អួត​បង្ហាញ​នោះ​ឫ​» ។

កញ្ញា ងឿង ចាន់​លី​ន បានអោយ​ដឹង​ថា ការ​ចំណាយ​ទៅ​លើ​ការ​រៀប​ពិធី​មង្គលការ មាន​តម្លៃ​ថ្លៃ ដោយ​ត្រូវ​ចំណាយ​ទៅ​លើ​សំអាងការ ការ​រៀបចំ​រោងការ និង​ការ​ចំណាយ​ទៅ​ពិធីការ​ផ្សេង​ៗ​ទៀត ។ កញ្ញា ងឿង ចាន់​លី​ន បន្ត​ថា «​ដោយសារ​ពួក​យើង​មាន​សិទ្ធិ​ស្មើគ្នា​កន្លែង​ណា​ជួយ​ចេញ​គ្នា បាន​ជួយ​ចេញ​គ្នា​ទៅ ។ ដោយសារ​តែ​ពេល​យើង​ការ​រួច​ហើយ លុយ​ទាំងនេះ​នឹង​ក្លាយជា​លុយ​រួម ។ ហេតុ​អ្វី​ត្រូវ​ដាក់បន្ទុក​ខាង​ប្រុស​ដាច់ខាត? ឱ្យ​គាត់​ត្រូវ​តែ​ខំប្រឹង​រក​លុយ​តែ​ម្នាក់ឯង ដើម្បី​រៀប​ការ? បើ​យើង​ស្រឡាញ់​គេ​ដែរ​»​។

កញ្ញា ងឿង ចាន់​លី​ន បន្ថែម​ថា បើសិនជា​ដៃគូ​ថ្មោងថ្មី​ចង់​រៀប​ការ ប៉ុន្តែ​មាន​ជីវភាព​មធ្យម​នោះ គួរតែ​បង្រួម​ពិធី​រៀប​ការ​មក​តូច​សម​ល្មម ស្រប​ទៅ​តាម​សមត្ថភាព​តាម​រយៈ​ការ​អញ្ជើញ​តែ​មិត្តភក្តិ​សិទ្ធ​ស្នាល និង​សាច់ញាតិ​សងខាង ដើម្បី​បង្គ្រប់កិច្ច​ទៅ​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ