នាដការី និងជាតារាសម្តែង សុខគា គឹមលាង ហៅកូន kon Ant បានស្នើឲ្យកូនខ្មែរជំនាន់ក្រោយ គួរចូលរួមថែរក្សា និងការពារនូវទម្រង់សិល្បៈបុរាណ ល្ខោនយីកេកួយ ដែលមានមូលដ្ឋានក្នុងខេត្តកំពង់ធំ ក្នុងពេលទម្រង់សិល្បៈមួយនេះស្ទើរតែបាត់បង់ទៅហើយ ។

ជាមួយនឹងការអំពាវនាវ និងចូលរួមរក្សាការពារនាពេលនេះ តារាស្រីខាងលើក៏បានស្នើឲ្យមហាជនចូលរួមគាំទ្រ និងទស្សនាល្ខោនយីកេមួយដែលគ្រោងនឹងធ្វើការសម្តែងចំនួន២លើក នាពេលឆាប់ៗខាងមុខនេះផងដែរ ។
ជាមួយនឹងរូបភាពវីដេអូ ដែលបានទៅចូលរួមទស្សនាដោយផ្ទាល់ការសម្តែងអំពីទម្រង់សិល្បៈមួយនេះ សុខគា គឹមលាង បានភ្ជាប់ជាមួយសំណេរបង្ហោះលើបណ្តាញសង្គមថា ទម្រង់សិល្បៈល្ខោនយីកេកួយខេត្តកំពង់ធំដែលបច្ចុប្បន្នមានវត្តមានតែមួយចុងក្រោយប៉ុណ្ណោះនៅក្នុងសហគមន៍ខេត្តកំពង់ធំ ដែលស្ទើរតែបាត់បង់ហើយ ។

នាងបញ្ជាក់ថា ល្ខោនខ្មែរដ៏ល្អអស្ចារ្យបែបនេះ កូនខ្មែរគួរតែចូលគ្នាថែរក្សា ហើយអ្នកស្រលាញ់សិល្បៈវប្បធម៍ខ្មែរទាំងអស់គ្នា កុំភ្លេចមកគាំទ្រ និងបង្ហាញពីសំឡេងកូនខ្មែរចង់ថែរក្សាល្ខោនខ្មែរផងណា៎ ហើយត្រៀមខ្លួនទស្សនាទស្សនីយភាព ល្ខោនយីកេកួយខេត្តកំពង់ធំ នៅបុណ្យភូមិសប្ដាហ៍ទី១ នៅផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល វេលាម៉ោង៦ល្ងាចតទៅ ។
ដោយឡែក តាមរយៈវីដេអូដែលមានរយៈពេលប្រមាណជិត៤នាទីនោះ សុខគា គឹមលាង បានបង្ហាញពីសកម្មភាពមួយចំនួនរបស់ខ្លួនដែលបានចុះទៅផ្តិតយករូបភាពដោយផ្ទាល់ពីការរៀបចំសម្តែងយីកេកួយ ដែលស្ថិតក្នុងស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ ។

ក្នុងវីដូខ្លីនេះ kon Ant ក៏បានជួបសម្ភាសន៍ជាមួយអ្នកសម្តែងក្នុងទម្រង់សិល្បៈបុរាណខាងលើនេះ អំពីរបៀបរបបនៃការស្លៀកពាក់ និងការសម្តែង ជាពិសេសតារាស្រីរូបនេះក៏បានគ្រងសម្លៀកបំពាក់ និងឲ្យបងស្រីជាអ្នកសម្តែងនៅទីនោះជួយបង្ហាត់បង្រៀនពីការរាំ និងសម្តែងខ្លះនៅក្នុងសិល្បៈយីកេកួយនេះផងដែរ ។
សុខគា គឹមលាង បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលនាងបានគ្រងសម្លៀកបំពាក់តាមបែបយីកេគួយ ដែលមានបងស្រីម្នាក់ជាអ្នករៀបចំសម្លៀកបំពាក់ និងគ្រឿងអលង្ការ ខណៈពេលដែលនាងពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញលោកគ្រូ អ្នកគ្រូ និងបងប្អូននៅទីនេះបាននាំគ្នាថែរក្សានូវទម្រង់សិល្បៈបុរាណមួយនេះដែលស្ទើរតែបាត់បង់ ។

នាងបញ្ជាក់ថា ក្នុងឱកាសនោះ នាងក៏ទទួលបានការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ នូវក្បាច់ខ្លះៗដែរដូចជា ពិធីហ៊ុំរោង និងហោមរោងមុនចាប់ផ្តើមសម្តែងយីកេកួយមួយនេះ ។
សុខគា គឹមលាង បានគូសបញ្ជាក់ថា សម្រាប់ទម្រង់សិល្បៈយីកេកួយ នេះ គឺនៅសល់តែមួយសហគមនេះទេ ដោយវាស្ទើរតែបាត់បង់ទៅហើយ ។
បើតាម សុខគា គឹមលាង ប្រសិនបើប្រិយមិត្តទាំងអស់ ចង់ដឹងឲ្យបានច្បាស់ពីការសម្តែងសិល្បៈមួយនេះកុំភ្លេចចូលរួមទស្សនានៅក្នុងពិធីបុណ្យភូមិដែលប្រារព្ធធ្វើឡើងនៅផ្សារទំនើបជីមម៉ុង មេហ្គាម៉ល ២៧១ នៅថ្ងៃទី៥-៦ ខែមេសា និងថ្ងៃទី១១-១២ ខែមេសា នៅទីតាំងវត្តស្វាយអណ្តែត ៕





ចែករំលែកព័តមាននេះ