ខេត្តកំពង់ស្ពឺ ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនៅពេលខាងមុខនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសេចក្តីជូនដំណឹង ស្តីពី ពិធីប្រណាំងរទេះសាឡីគោលឿន ប្រចាំឆ្នាំ២០២៥នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះហើយ។
ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពី ការប្រណាំងរទេះសាឡី គោលឿន ឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធពិធី ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិស្នេទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពិធីនេះប្រារព្ធឡើងក្នុងគោល បំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡី គោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥នេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាដ៏ច្រើនកុះករ។
សូមបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡឺគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់នោះ ៕

ចែករំលែកព័តមាននេះ