អ្នកចិត្តសាស្ត្រនៅស៊ីបេរី ប្រទេសរុស្ស៊ី អនុវត្តវិធានការវាយនឹងរំពាត់លើកំបេះគូទ ដើម្បីជួយអ្នកញៀនការរួមភេទ ក៏ដូចញៀនគ្រឿងញៀន និងញៀនស្រា ឱ្យបាត់អារម្មណ៍ញៀនចង្រៃនោះ ។ វិធីសម្រាប់អនុវត្តព្យាបាលដ៏ចម្លែកនេះ គឺយាររំពាត់ធ្វើពីសាច់ដើមស្រល់ទ្បើងខ្ពស់ ហើយវាត់ចូលកំប៉េះគូទអ្នកជំងឺដែលលាត់ខោក្នុងចុះក្រោមនៅគូទកណ្តាលវាល ។
អ្នកជំងឺប្រុសស្រីមួយគូអះអាងថា ដោយសារត្រូវរំពាត់ហើមគូទប៉ុន្មានថ្ងៃ ឥទ្បូវស្រាកស្រាន្ត«រោគញៀន» បានច្រើនគួរសម បាត់ភាពកញ្ជ្រោលដូចមុន ។ បុរសម្នាក់ឈ្មោះយូរី អាយុ៤១ឆ្នាំ ជាអ្នកញៀនស្រា Vodka ខ្លាំងរាល់ថ្ងៃផឹកស្រានោះដូចផឹកទឹក ហើយថែមទាំងនឹកចង់ ខ្លាំងទ្បើងៗ រហូតដល់ភ័យខ្លួននឹកថា បើនៅតែយ៉ាងនេះមុខជាស្លាប់មិនខាន ។ លុះស្ម័គ្រចូលព្យាបាលតាមរបៀបវាយនឹងរំពាត់បានមួយថ្ងៃ យូរីមានអារម្មណ៍មិនសូវស្រេកឃ្លានស្រា Vodka ដូចមុនពេក ។ យូរីនិយាយថាពេលត្រូវវាយជាលើកដំបូងខ្លួនឈឺដល់ថ្នាក់ស្រែករោទ៍ដូចកូនក្មេង ពេលខ្លះជ្រុលមាត់ជេរអ្នកវាយទៀតផង ។ ប៉ុន្តែលុះទៅដល់ផ្ទះវិញ ស្រាប់តែមានអារម្មណ៍ថ្មីចម្លែក គឺលែងសូវចង់ផឹកស្រា Vodka លុះព្យាបាលថែមប៉ុន្មានថ្ងៃហាក់ដូចមើលឃើញដបស្រា Vodka ជារបស់ធម្មតាដូចរបស់ផ្សេងទៀត ធ្វើឱ្យដបស្រា Vodka ទាំងប៉ុន្មាននៅក្នុងទូ ស្ថិតស្ងៀមក្នុងនោះដដែល ព្រោះម្ចាស់លែងរវីរវល់ ។
ការប្រែប្រួលរបស់យូរី ធ្វើឱ្យមិត្តស្រីម្នាក់របស់គេ កើតការងឿងឆ្ងល់លាយប្រចណ្ឌចោទយូរីថា មានស្រីស្នេហ៍ថ្មី ហើយត្រូវស្រីស្នេហ៍នោះដាក់កំហិតឱ្យឈប់ផឹកស្រា Vodka ទើបបានជាយូរីអាចឈប់ផឹកស្រាបាន ។
ពួកអ្នកចិត្តសាស្ត្រអះអាងថា «អ៊័រម៉ូននាំមកសុភមង្គល» លុះត្រូវរំពាត់ឈឺពេក វារំញោចខួរក្បាលឱ្យបញ្ចាញសារធាតុនោះ ចូលរាងកាយធ្វើឱ្យអ្នកជំងឺ «មានអារម្មណ៍សុភមង្គលល្អប្រសើរ» លែងចង់នឹកនាទម្លាប់អាក្រក់ដូចមុនទៀត ឬលែងចង់ធ្វើអត្តឃាត ។
អ្នកជំងឺទាំងអស់មុនពេលត្រូវវាយរំពាត់ តែងបានទទួលការប្រឹក្សាចិត្តសាស្ត្រ និងពិនិត្យចង្វាក់បេះដូងជាមុនសិន ។ គេប្រើរំពាត់ធ្វើពីសាច់ឈើស្រល់ ព្រោះវាស្វិតល្អ អត់បាក់ផ្តេសផ្តាស និងមិនបង្កឱ្យចេញឈាម ។ រំពាត់នោះគេប្រើវាត់លើកំបេះគូទ ដែលជាតំបន់ប្រតិកម្មល្អ ងាយនាំសញ្ញាឈឺចាប់ទៅដងខ្លួនទាំងមូលភ្លាមៗ៕
ចែករំលែកព័តមាននេះ