ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន និង​វៀតណាម ព្រមព្រៀង​គ្នា​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​ដល់ ៦០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០៣០

55 នាទី មុន

ប្រទេស​វៀតណាម ៖ ប្រទេស​ជប៉ុន និង​វៀតណាម កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៦ បាន​ព្រមព្រៀង​គ្នា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ ៦០…

ប្រទេស​វៀតណាម ៖ ប្រទេស​ជប៉ុន និង​វៀតណាម កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៦ បាន​ព្រមព្រៀង​គ្នា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ ៦០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ ២០៣០ ខណៈ​ដែល​ទីក្រុង​តូ​ក្យូ កំពុង​ស្វែងរក​ការ​ពង្រឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ធនធាន​សំខាន់​ៗ អំឡុង​ពេល​ជម្លោះ​ការទូត​ជាមួយ​ប្រទេស​ចិន និង​វិបត្តិ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់​តួ​ក​គី និង​ប្រភព​ផ្សេង​ទៀត​បាន​ចេញផ្សាយ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម (Vietnam News) បាន​រាយការណ៍​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា ជំរុញ​ការ​វិនិយោគ​ជប៉ុន​នៅ​វៀតណាម​លើ​ទឹកប្រាក់​ចំនួន ៥ ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​លើកទឹកចិត្ត​សហគ្រាស​ជប៉ុន​ឱ្យ​វិនិយោគ​លើ​គម្រោង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ជាមួយ​ការ​ផ្ទេរ​បច្ចេកវិទ្យា និង​គាំទ្រ​ដល់​អាជីវកម្ម​វៀតណាម​ដែល​វិនិយោគ​នៅ​ជប៉ុន​ផង​ដែរ​។

កិច្ចព្រមព្រៀង​នេះ​សម្រេច​បាន អំឡុង​កិច្ចប្រជុំ​កំពូល​រវាង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi) និង​នាយក​រដ្ឋមន្ត្រី​វៀតណាម ឡេ មិ​ញ ហ៊ុ​ង (Le Minh Hung) នៅ​ទីក្រុង​ហាណូយ​។ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​ទ្វេភាគី​ចំនួន ៦ មុន​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​។

យោង​តាម​សារព័ត៌មាន​ជប៉ុន Kyodo ក៏​បាន​រាយការណ៍​ថា ទាក់ទង​នឹង​វិស័យ​អាទិភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​លើ​ការ​ពិភាក្សា​បន្ថែម​ទៀត ឆ្ពោះទៅ​រក​ការ​កសាង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ដែល​អាច​ទ្រាំទ្រ​បាន​សម្រាប់​ធនធាន​រ៉ែ​សំខាន់​ៗ និង​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​សម្រាប់​រោងចក្រ​ចម្រាញ់​ប្រេង​ធំ​ជាងគេ​បំផុត​មួយ​របស់​ប្រទេស​វៀតណាម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ជាង ២០០ គីឡូម៉ែត្រ​ពី​ទីក្រុង​ហាណូយ រោងចក្រ​ចម្រាញ់​ប្រេង និង​ប្រេងឥន្ធនៈ Nghi Son គឺជា​ក្រុមហ៊ុន​រួម​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​ដៃគូ​វៀតណាម ជប៉ុន និង​គុយ​វ៉ែត​។

កា​រវិ​វត្ត​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ជប៉ុន​ក្នុង​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា ១០ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផ្សេង​ទៀត ទប់ទល់​នឹង​កង្វះខាត​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ការ​រំខាន​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ចំ​ពេល​មានការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​ជា​សរសៃឈាម​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ថាមពល​សកល​។

ទន្ទឹម​ជាមួយ​គ្នា​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ពី​សក្តានុពល​នៃ​កិច្ច​សហប្រតិបត្តិការ​ថាមពលនុយក្លេអ៊ែរ​នៅ​ដើមឆ្នាំ ២០៤០ ផង​ដែរ​។ មិនតែប៉ុណ្ណោះ ជប៉ុន​ក៏​មាន​ទំនោរ​ក្នុង​ការ​រួម​បញ្ចូល​វៀតណាម​នៅ​ក្នុង​ក្របខ័ណ្ឌ​ជំនួយ​សន្តិសុខ​ផ្លូវការ​របស់​ខ្លួន ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៣ ដើម្បី​ផ្តល់​សព្វាវុធ និង​បរិក្ខារ​ការពារ​ជាតិ​ដល់​បណ្តា​ប្រទេស​ដែល មាន​ទស្សនវិស័យ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ