ទីក្រុងកង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរាតត្បាតពីហ្វូងសត្វកណ្តុរ ក្នុងតំបន់ដាំដុះភាគខាងលិច ដែលអាចជះឥទ្ធិពលអាក្រក់ដល់ការផ្គត់ផ្គង់ស្បៀងអាហារទាំងក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។ នេះបើតាមប្រភពពី Reuters ចេញផ្សាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សត្វកណ្ដុរបង្កបញ្ហាជាប់លាប់ក្នុងតំបន់ដាំដុះគ្រាប់ធញ្ញជាតិ ជាពិសេសស្រូវសាលីរបស់អូស្ត្រាលី ដោយបានរាតត្បាតបណ្តាកសិដ្ឋានក្នុងរដ្ឋអូស្ត្រាលីខាងលិច (Western Australia) ដែលជារដ្ឋធំជាងគេបង្អស់របស់ប្រទេសនេះ។ ស្ថានភាពបែបនេះ បានជំរុញឱ្យបណ្តាអ្នកដាំដុះ កាលពីខែមេសាកន្លងទៅ ព្រមានអំពីការបាត់បង់នូវទិន្នផលដំណាំ និងអំពាវនាវឱ្យបង្កើនការប្រើប្រាស់ថ្នាំសម្លាប់សត្វកណ្ដុរ។
ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុ និងថាមពលអូស្ត្រាលី លោក Chris Bowen បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ពីទីក្រុងស៊ីដនី កាលពីថ្ងៃសៅរ៍ដូច្នេះថា «ជាក់ស្តែងយើងមានការព្រួយបារម្ភអំពីស្ថានភាពរាតត្បាតរបស់សត្វកណ្ដុរ រួមទាំងនៅរដ្ឋអូស្ត្រាលីខាងលិចផងដែរ»។
លោកបន្តថា រដ្ឋាភិបាលកណ្តាលឆ្វេងនិយមកំពុងបន្តខិតខំប្រឹងប្រែងជាមួយឧស្សាហកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតនេះទៅលើការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក និងក្រៅប្រទេស។ ដោយលោកថា «ការរាតត្បាតពីសត្វកណ្ដុរ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់កសិករ ឧស្សាហកម្ម និងរដ្ឋាភិបាល»។
យោងតាមទីភ្នាក់ងារវិទ្យាសាស្ត្រអូស្ត្រាលីបានបង្ហាញថា «អូស្ត្រាលី» ដែលជាប្រទេសនាំចេញស្រូវសាលីធំជាងគេទី៤របស់ពិភពលោក បានរងទុក្ខដោយសារការរាតត្បាតពីសត្វកណ្ដុរដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងឆ្នាំ ១៩៩៣ នៅពេលដែលពួកវាបានបំផ្លាញដំណាំរាប់ពាន់ហិកតា និងធ្វើទុក្ខបុកម្នេញដល់សត្វក្នុងកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ផងដែរ៕


ចែករំលែកព័តមាននេះ