ទីក្រុងវ៉ាស៊ីនតោន៖ ត្រាំបញ្ជាក់ថាគម្រោងទស្សនកិច្ចរបស់លោកទៅប្រទេសចិននៅរក្សាទុកដដែល ឥតផ្លាស់ប្ដូរទេ។ ក្រុមអ្នកវិភាគយល់ថាការជួបគ្នាកម្រិតកំពូលរវាងមេដឹកនាំទាំង២ពិតជាមានសារសំខាន់ក្នុងការគ្រប់គ្រងហានិភ័យនានាដែលអាចនឹងកើតមានឡើងនៅលើសាកលលោក។ តាមគម្រោង លោកត្រាំនឹងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិននាខែឧសភានេះទោះបីដំណើរការចរចាគ្នាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមនៅជាប់គាំងយ៉ាងណាក្ដី។

ចំពោះសំណួរថាតើលោកគិតដូចម្ដេចដែរអំពីគម្រោងទស្សនកិច្ចនោះ លោកត្រាំឆ្លើយថាវានឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ។ ការធ្វើដំណើរទៅប្រទេសចិន និងជួបលោកប្រធានរដ្ឋស៊ីជីនពីងជារឿងដ៏អស្ចារ្យ។ យើងមានគម្រោងធ្វើដំណើរទៅប្រទេសចិន ហើយលោកគិតថានឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។ តាមពិតពីដំបូងដៃ លោកត្រាំចង់ទៅប្រទេសចិនតាំងពីចុងខែមីនា។ ប៉ុន្តែគម្រោងនោះត្រូវអាក់ខានទៅវិញ ហើយត្រូវលើកពេលទៅធ្វើនៅថ្ងៃទី១៤ និង១៥ ខែឧសភាវិញបន្ទាប់ពីលោកចាប់ផ្ដើមវាយប្រហារអ៊ីរ៉ង់ និងដុតបញ្ឆេះជាសង្គ្រាមរហូតមកដល់ពេលនេះមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។

ក្រុមអ្នកវិភាគអំពីបញ្ហាប្រទេសចិនយល់ថាទស្សនកិច្ចនេះមានសារសំខាន់ក្រៃលែងសម្រាប់ប្រទេសទាំង២ដើម្បីគ្រប់គ្រងហានិភ័យផ្សេងៗនៅក្នុងស្ថានភាពដែលពិភពលោកកំពុងតែប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗ។ អ៊ីរ៉ង់បានបញ្ជូនសំណើថ្មីចុងក្រោយបង្អស់ទៅឱ្យលោកត្រាំពិនិត្យមើល។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់។ ប៉ុន្តែសេចក្ដីលម្អិតនៅក្នុងសំណើនោះមិនទាន់លាតត្រដាងជាសាធារណៈនៅឡើយទេ។

មិនទាន់បានអ្វីផង លោកត្រាំថ្លែងទុកជាមុនថាលោកមិនពេញចិត្តនឹងសំណើនោះទេ។ លោកថាយើងរង់ចាំតាមដានទាំងអស់គ្នាថាតើនឹងមានអ្វីកើតឡើង។ លោកអះអាងថាអ៊ីរ៉ង់ចង់ចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងជាខ្លាំងព្រោះពួកគេគ្មានកម្លាំងយោធានៅសេសសល់តទៅទៀតទេ។ ទន្ទឹមនឹងនោះ លោកក៏បានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសគុយបាដោយផ្ដោតសំខាន់ទៅលើក្រុមហ៊ុនបរទេស និងស្ថាប័នហិរញ្ញវត្ថុដែលលោកចាត់ទុកថាជាអ្នកឧបត្ថម្ភ-គាំទ្ររដ្ឋាភិបាលនៃប្រទេសនេះ។

ម៉្យាងទៀត អាមេរិកក៏អាចនឹងមានបញ្ហាល្អក់កករជាមួយអឺរ៉ុបផងដែរ។ ថ្មីៗនេះ លោកប្រកាសដកកងទ័ព៥ពាន់នាក់ពីប្រទេសអាល្លឺម៉ង់។ ការសម្រេចចិត្តធ្វើបែបនេះបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីចម៊ែក និយាយរិះគន់អាមេរិកថាគ្មានផែនការយុទ្ធសាស្ត្រច្បាស់លាស់នៅក្នុងសង្គ្រាមអ៊ីរ៉ង់។ លោកថាអាមេរិកត្រូវបានអ៊ីរ៉ង់ធ្វើឱ្យអាម៉ាស់មុខនៅក្នុងសង្គ្រាម៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ