ខេត្តបាត់ដំបង ៖ ត្រឹមតែជាអ្នកលេង «ហ្វេសប៊ុក» ម្នាក់បានបង្កឲ្យមានចលាចលដល់អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ ផ្អើលទាំងយប់ចុះត្រួតពិនិត្យ«ផ្លែទុរេន» ដែលអ្នកលេងបណ្ដាញសង្គមនោះនិយាយបង្អើលថា «មានឈ្មួញលួចនាំចូលផ្លែទុរេនរាប់តោនពីប្រទេសថៃ យកទៅលក់នៅក្នុងផ្សារទំនើប«ភូពុយ» ក្នុងក្រុងបាត់ដំបង ។
កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ (កាំកុងត្រូល) បានចុះទៅដល់ផ្សារ«ភូពុយ» នៅម៉ោងប្រហែល៨យប់ថ្ងៃទី០២ ឧសភា ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ«ផ្លែទុរេន» ក្រោយពីអ្នកលេងបណ្ដាញសង្គមផ្សាយបំផុសព័ត៌មាននេះឡើង ។
ជាក់ស្ដែងមន្ត្រីជំនាញបានរកឃើញ«ផ្លែទុរេន» ចំនួន០៩កន្លែង ដែលឈ្មួញទើបនាំចូល ដាក់លក់នៅក្នុងផ្សារ«ភូពុយ» នៅផ្នែកខាងផ្សារ«បន្លែ» ។ ប៉ុន្តែមន្ត្រីជំនាញ បានត្រឹមតែហ៊ុំព័ទ្ធរក្សាទុកបណ្ដោះអាសន្ន តាមកាមយ៉ាងតឹងរឹង ដោយកម្លាំងសន្តិសុខ លុះនៅព្រឹកថ្ងៃទី០៣ ខែឧសភា ទើបមន្ត្រីកាំកុងត្រូល ដែលមានសមត្ថិកិច្ចមូលដ្ឋានផងចុះត្រូតពិនិត្យ និងសួរនាំម្ចាស់«ទុរេន»ទាំងនោះ ។ នៅចំពោះមុខមន្ត្រីជំនាញដែលចុះត្រូតបិនិត្យ និងសាកសួរ ៖ ម្ចាស់«ទុរេន»សុទ្ធតែបានអះអាងយ៉ាងជាក់លាក់ថា «ទុរេន» ទាំងនោះសុទ្ធតែ«ទុរេន» ដាំក្នុងស្រុកខ្មែរ មិនមាននាំចូលពីប្រទេសថៃដូចគេផ្សាយបំប៉ោងព័ត៌មាននៅក្នុងហ្វេសប៊ុកទេ ។ ប៉ុន្តែពួកគេមួយចំនួនក៏បានទទួលស្គាល់ថាមាន«ទុរេន»មួយចំនួនតូចបាននាំចូលពីប្រទេសវៀតណាម ហើយទុរេនទាំងនេះទើបដឹកយកមកលក់បានតែប៉ុន្មានថ្ងៃនេះឯង តែពុំមាននាំចូលមកពីប្រទេសថៃទេ សូម្បីតែមួយផ្លែ ។
បើតាមការពិនិត្យជាក់ស្ដែង គេឃើញមានចំនួន០៩កន្លែង ដែលគេដាក់លក់«ផ្លែទុរេន» នៅក្នុងផ្សារ«ភូពុយ» សរុបទាំងអស់មានប្រហែល០៤តោន ។ ម្ចាស់ទុរេនទាំងនោះអះអាងថា ពួកគេទើបដឹកយកមកដល់ផ្សារ«ភូពុយ» នៅរសៀលថ្ងៃទី០២ ឧសភា ហើយមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានគេបង្ហោះតាម«ហ្វេសប៊ុក» ថា ពួកគាត់បានលួចនាំ «ទុរេន» ចូលពីប្រទេសថៃ យកមកលក់នៅផ្សារ«ភូពុយ»។
អ្នកលក់«ទុរេន»បានបញ្ជាក់នៅចំពោះមុខមន្ត្រីជំនាញថា «ទុរេន» មួយចំនួនគាត់ទិញមកពីចម្ការ«ទុរេន» នៅតំបន់«បែកអន្លង់» ខេត្តកំពុង់ចាម និងអ្នកលក់ខ្លះទៀត បានប្រាប់ថា គាត់ទិញមកពីផ្សារ«នាគមាស» រាជធានីភ្នំពេញ ឬទិញមកពីវៀតណាម គ្មាន«ទុរេន»មួយផ្លែណាដែលពួកគាត់ទិញមកពីប្រទេរសថៃទេ ។ ពួកគាត់ក៏ចេះស្រលាញ់ជាតិដែរ មិនមែនដូចអ្នកលេងហ្វេសប៊ុក ផ្សាយបំប៉ោងចោទប្រកាន់ពួកគាត់ដោយគ្មានមូលដ្ឋាននោះទេ ។
ជាមួយនឹងការចុះត្រួតពិនិត្យ និងសួរនាំ ដឹងពីដំណើររឿង និងយោងលើចម្លើយបំភ្លឺយ៉ាងជាក់លាក់ពីម្ចាស់«ទុរេន» មន្ត្រីជំនាញហាក់មិនបានចាប់ទោសអូសដំណើរអ្វីទេ ។ ហើយបានសម្រេច និងអនុញាត ឲ្យម្ចាស់«ទុរេន»ទាំងអស់បើកដាក់លក់បានតាមធម្មតា ។ ប៉ុន្តែមន្ត្រីជំនាញបានធ្វើការណែនាំ និងដាក់លក្ខខណ្ណខ្លះ ដល់ក្រុមអាជីវករលក់«ទុរេន» ទាំងនោះ ។
មន្ត្រីជំនាញ បានទាមទាតម្រូវឲ្យឈ្មួញលក់«ទុរេន»ទាំងអស់ត្រូវមានវិក័យបត្របញ្ជាក់ច្បាស់លាស់ពីម្ចាស់ចម្ការ ទីតាំងចម្ការ ដែលខ្លួនបានទិញយកលក់លើទីផ្សារនានា ជៀសវាងកុំឲ្យមានការភ័ណ្ឌច្រឡំ ពាក់ព័ន្ធនឹងការលួចនាំចូលទំនិញពីប្រទេសក្បែរខាង ដែលថ្នាក់ដឹកនាំមិនទាន់អនុញាតឲ្យបើកទ្វារនាំចូល៕
ចែករំលែកព័តមាននេះ