រាជធានីភ្នំពេញ ៖ រថយន្តយីឌុបដឹកផ្លែស្វាយ១គ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយពុំដឹងថា អ្នកបើកបររវល់ងាកទៅណា ឬក៏ងងុយដេក និងស្រវឹងស្រាពីយប់ មិនទាន់ស្វាងនោះទេ បានជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿង ជិះគ្នា២នាក់ពេញទំហឹង ខណៈដែលម៉ូតូនោះកំពុងឈប់ពេលភ្លើងស្តុបលោតពណ៌ក្រហម ។
ពេលនោះម៉ូតូគាបជាប់ក្រោមរថយន្ត ហើយត្រូវរថយន្តអូសជា១០០ម៉ែត្រ បណ្ដាលឲ្យបែកផ្កាភ្លើងឆាបឆេះរថយន្ត និងម៉ូតូសន្ធោសន្ធៅ ចំណែកអ្នកជិះម៉ូតូម្នាក់បានរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរបួសស្រាល ។ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្ទាប់មកនគរបាលបានហៅរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងរលត់ទៅវិញ ប៉ុន្តែក្បាលរថយន្តបង្ក និងម៉ូតូរងគ្រោះបានក្លាយជាចំណីព្រះអគ្គិខូចខាតទាំងស្រុង ។

ឧប្បត្តិហេតុនោះបានកើតឡើង កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នៅតាមមហាវិថីស៊ី ជីនពីង ត្រង់ចំណុចភ្លើងស្តុបគងនយ ស្ថិតនៅក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តខាងលើនោះ កន្ទុយរ៉ឺម៉កពាក់ស្លាកលេខកំពង់ចាម 4A-1254 ចំណែកក្បាលសណ្ដោងត្រូវភ្លើងឆេះខូចខាតអស់មើលមិនដឹងស្លាកលេខ និងម៉ាកនោះទេ រីឯម៉ូតូដែលជាប់ក្រោមរថយន្ត និងត្រូវភ្លើងឆេះអស់ដែរនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1P-8457 ជិះដោយបុរស២នាក់ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរស២នាក់ បានជិះម៉ូតូខាងលើធ្វើដំណើរតាមមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុបបានលោតពណ៌ក្រហម ហើយម៉ូតូនោះក៏បានឈប់រង់ចាំ ភ្លើងស្តុបលោតពណ៌ខៀវវិញដូចអ្នកដំណើរឯទៀតដែរ ។
ខណៈនោះ ស្រាប់តែរថយន្តយីឌុបដឹកផ្លែស្វាយ១គ្រឿងខាងលើនោះ បានបើកបរក្នុងទិសដៅស្របគ្នា និងក្នុងល្បឿនលឿន ហើយពុំដឹងថាអ្នកបើកបររវល់តែងាកទៅណា ឬក៏ងងុយដេក និងស្រវឹងស្រានោះទេ ទើបមិនបានជាន់ហ្វ្រាំងបន្ថយល្បឿន ឬក៏ឈប់រង់ចាំភ្លើងស្តុបនោះឡើយ ហើយក៏បានជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងតែម្ដង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះបុរសអ្នកជិះម៉ូតូម្នាក់(អ្នកជិះខាងក្រោយ)មើលឃើញរថយន្តនោះទៅជិតក៏បានលោតចេញទាន់ និងបានរងរបួសស្រាល ចំណែកបុរសម្នាក់ទៀតដែលជាអ្នកបើកបរម៉ូតូត្រូវរថយន្តបុកខ្ទាតចេញបកផ្ទប់ថ្នល់រងរបួសធ្ងន់ ។
រីឯម៉ូតូរបស់ពួកគាត់ជាប់ក្រោមរថយន្ត និងត្រូវបានរថយន្តធុនយក្សនោះអូសចម្ងាយប្រមាណជាង១០០ម៉ែត្រទើបឈប់ បណ្ដាលឲ្យបែកផ្កាភ្លើងបង្កការឆាបឆេះទាំងរថយន្ត និងម៉ូតូនោះសន្ធោសន្ធៅ ហើយអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ និងកម្លាំងផ្នែកនគរបាលបានចរាចរណ៍ នៃអធិការដ្ឋានខណ្ឌដង្កោ បានចេញអន្តរាគមន៍ និងរាយការណ៍ទៅកាន់រថយន្តពន្លត់អគ្គិភ័យឲ្យចេញទៅបាញ់ពន្លត់ភ្លើងរហូតរលត់ទៅវិញ ។ ប៉ុន្តែក្បាលរថយន្តខាងលើ រួមទាំងម៉ូតូហុងដាឌ្រីមត្រូវភ្លើងឆេះខូចខាតទាំងស្រុង ហើយក្រោយពេលកើតហេតុបុរសដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។
បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌដង្កោ បានរាយការណ៍ទៅកាន់កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅធ្វើការវាស់វែង និងនាំយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ ៕



ចែករំលែកព័តមាននេះ