ទីក្រុងតេអេរ៉ង់៖ មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់មួយរូបថ្លែងថាលទ្ធភាពនៃការផ្ទុះសង្គ្រាមសាជាថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ទំនងជាអាចនឹងកើតមាន មិនអត់ទេ ទោះបីលោកដូណាល់ត្រាំប្រកាសបទឈប់បាញ់ដោយឥតកំណត់ពេលវេលាយ៉ាងណាក្ដី។ មន្ត្រីខាងលើនេះថ្លែងដូច្នេះត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកត្រាំប្រកាសជាឱឡារិកថាលោកមិនពេញចិត្តទាល់តែសោះនឹងសំណើរបស់អ៊ីរ៉ង់ដែលផ្ញើទៅឱ្យលោកលើកចុងក្រោយបង្អស់នោះ។

កាលពីក្បាលព្រលប់ថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានបញ្ជូនសំណើសន្តិភាពនោះតាមរយៈប៉ាគីស្ថានក្នុងនាមជាអន្តរការីកទៅឱ្យលោកត្រាំ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់។ សារព័ត៌មានមិនបានផ្សាយលម្អិតថានៅក្នុងសំណើនោះមានលក្ខខណ្ឌអ្វីខ្លះទេ។ ប៉ុន្តែលោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាខណៈពេលនេះ លោកមិនសប្បាយចិត្តទាល់តែសោះជាមួយនឹងអ្វីដែលពួកគេ (អ៊ីរ៉ង់) បានស្នើទៅលោក។

ជាថ្មីម្ដងទៀត ត្រាំនៅតែគិតថានៅក្នុងផ្ទៃក្នុងថ្នាក់ដឹកនាំកំពូលៗរបស់អ៊ីរ៉ង់នៅតែមិនទាន់ស្រុះស្រួលមូលមតិគ្នានៅឡើយទេ។ លោកបានដាក់ជាសំណួរថាតើយើងត្រូវលើកទ័ពទៅវាយអ៊ីរ៉ង់ និងកម្ទេចពួកគេឱ្យរលាយសាបសូន្យ ឬយ៉ាងណា? ឬក៏យើងត្រូវចរចាគ្នាឱ្យមានកិច្ចព្រមព្រៀង? លោកបញ្ជាក់ថាលោកមិនចង់បានជម្រើសទីមួយទេព្រោះលោកគិតដល់បញ្ហាមនុស្សធម៌ជារឿងសំខាន់។

លោកមហាម៉ាត់ ចាហ្វា អាសាឌី (Mohammad Jafar Asadi) ជាមន្ត្រីជាន់ខ្ពស់នៅក្នុងអគ្គបញ្ជាការដ្ឋានកណ្ដាលកងទ័ពអ៊ីរ៉ង់។ លោកថ្លែងកាលពីព្រឹកមិញថាលទ្ធភាពនៃការផ្ទុះសង្គ្រាមជាថ្មីរវាងអាមេរិក និងអ៊ីរ៉ង់អាចនឹងកើតមាន។ នេះបើយោងតាមអ្វីដែលទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ហ្វាស់ (Fars) បានដកស្រង់ពាក្យសម្ដីរបស់លោកមកចុះផ្សាយ។ លោកលើកជាទឡ្ហីករណ៍ថាដូចដែលភស្តុតាងបានបង្ហាញរួចហើយអាមេរិកមិនធ្វើដូចការសន្យា ឬដូចអ្វីដែលខ្លួនបានព្រមព្រៀងគ្នានោះទេ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ