ខេត្តស្ទឹងត្រែង ៖ ក្នុងស្មារតីយកចិត្តទុកដាក់ និងរួមរំលែកទុក្ខដ៏ក្រៀមក្រំ នាថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសារសពលោកពលបាលឯក ទូច ទិត ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ។
សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដោយមានការចូលរួមផ្ទាល់ពី លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍សាខា ព្រមទាំងសមាជិកគណៈកម្មាធិការ និងក្រុមប្រតិបត្តិ នៅលំនៅឋាននៃសព ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកស្រី សន សុខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់លោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ជូនចំពោះក្រុមគ្រួសារសព។ លោកស្រីបានបញ្ជាក់ថា ថ្នាក់
ដឹកនាំខេត្តតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងជីវភាពរបស់វីរយុទ្ធជនជួរមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ ដោយមិនមានការរើសអើងអ្វីទាំងអស់ ។
សូមបញ្ជាក់ថា លោកពលបាលឯក ទូច ទិត មានអាយុ ២៦ឆ្នាំ ជាម្ចាស់ការលើតួនាទីនាយពួក៣ នៃកងអនុសេនាតូចទី២ កងអនុសេនាធំទី១ វរសេនាតូចអន្តរាគមន៍លេខ ២៨៥ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ ។ លោកបានពលីជីវិតក្នុងខណៈពេលកំពុងបំពេញបេសកកម្មការពារព្រំដែនកម្ពុជា-ថៃ ៕







ចែករំលែកព័តមាននេះ